(បាសេឡូណា)៖ ក្លិបអ្នកមានបុណ្យ FC Barcelona បានសម្រេចតែងតាំងលោក Deco ជានាយកផ្នែកកីឡាថ្មីលើកិច្ចសន្យារយៈពេល ៣ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

Barca បានតែងតាំងអតីតកីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះ បន្ទាប់ពីនាយកផ្នែកបាល់ទាត់ លោក Mateu Alemany បានព្រមព្រៀងចាកចេញពីតំណែងរបស់លោក ក្នុងពេលបិទរដូវកាលដោះដូរកីឡាករ នារដូវក្តៅនេះ។

គម្រោងចាកចេញរបស់លោក Alemany ពី Barcelona ត្រូវបានប្រកាសឡើងកាលពីខែឧសភា​ ហើយលោកនឹងបន្តធ្វើការងារជាមួយលោក Deco រហូតដល់ដើមខែក្រោយ។

លោក Deco ដែលធ្លាប់លេងឲ្យ Barca ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ នឹងធ្វើការងារជាមួយគ្រូបង្វឹក Xavi Hernandez ក្នុងការដឹកនាំ ដើម្បីដណ្តើមជើងឯកនារដូវកាលថ្មីនេះ៕