(បាងកក)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U23 ប្រ៊ុយណេ នាវេលាម៉ោង ៤ល្ងាចថ្ងៃទី១៧ ខែសីហានេះ ដែលជាជំនួបបើកឆាកការប្រកួតជម្រើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ AFF U23 Championship 2023 នៅប្រទេសថៃ ។

នេះគឺជាការប្រកួតដំបូង ក្នុងពូលA របស់ក្រុមគោព្រៃជំទង់កម្ពុជា ដែលមានបេក្ខភាពប្រកួតប្រជែង ៤ក្រុម គឺមានក្រុម U23 កម្ពុជា មីយ៉ាន់ម៉ា ប្រ៊ុយណេ និងក្រុមម្ចាស់ផ្ទះថៃ ។ រីឯពូលB គឺមានក្រុម U23 ទីម័រខាងកើត ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី និងពូល C មានវៀតណាម ហ្វីលីពីន និងក្រុមយុវជន U23 ឡាវ ។

មុនការប្រកួតលោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ សម្រាប់ការចូលរួមប្រកួតពានរង្វាន់យុវជនប្រចាំតំបន់នេះ ពិសេសការជួបជាមួយក្រុមលំដាប់កំពូលក្នុងតំបន់តែម្ដង ។ លោកជឿជាក់ថា កូនក្រុមរបស់ខ្លួន នឹងធ្វើបានល្អ ទោះបីមានកីឡាករថ្មីៗច្រើនក៏ដោយ ។

សូមបញ្ជាក់ថា បន្ទាប់ពីជួបក្រុម U23 ប្រ៊ុយណេ ក្រុមជម្រើសជាតិ U23 កម្ពុជា នឹងបន្ដជួបក្រុម U23 មីយ៉ាន់ម៉ា នាល្ងាចថ្ងៃទី១៩ ខែសីហា មុនជំនួបបញ្ចប់ពូលA ជាមួយក្រុមម្ចាស់ផ្ទះថៃ នារាត្រីថ្ងៃទី២១ ខែសីហាខាងមុខ នៅកីឡដ្ឋានរយ៉ងតែមួយគត់ ។ ការប្រកួតនេះដែរ ក៏មានការផ្សាយបន្ដផ្ទាល់នៅស្ថានីយ៍ទូរទស្សន៍ BTV-News ផងដែរ៕