(ភ្នំពេញ)៖ ផលិតករវ័យក្មេង និងជាតារាសម្ដែង ដែលទើបនឹងចាប់ផ្ដើមមានពន្លឺនៅក្នុងពិភពសិល្បៈ លោក លឹម គីមសេង ហៅ Mr-Zz Seng ត្រូវបានមហាជន និងអ្នកគាំទ្រមើលឃើញថា មួយរយៈចុងក្រោយនេះ លោកហាក់ទទួលបានជោគជ័យ និងបោះជំហានទៅមុខជាលំដាប់ លើអាជីពជាអ្នកសិល្បៈ ជាពិសេសការផលិតវីដេអូខ្លីៗ បង្កប់ខ្លឹមសារអប់រំដល់សង្គម ហើយបង្ហោះតាមបណ្ដាញសង្គមតិកតុក រហូតមានអ្នកចូលទស្សនារាប់លានននាក់។ អ្វីដែលកាន់តែពិសេសជាងនេះ គឺសម្រាប់តារាសម្ដែង Mr-Zz Seng ក៏បានបង្ហាញវត្តមានក្នុងភាពយន្តរឿង «តាមចាប់ស្នេហ៍» ដែលកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង សម្រាប់អ្នកគាំទ្រទៀតផង។

តារាសម្ដែងវ័យក្មេងរាងសង្ហា Mr-Zz Seng ត្រូវបានយុវវ័យស្គាល់ជាទូទៅថា ជា Influencer និងជាតារា TikTok ម្នាក់ដ៏មានប្រជាប្រិយភាព ហើយគ្រប់វីដេអូ ដែលតារារូបនេះបានបង្ហោះចេញលើបណ្ដាញសង្គមម្ដងៗ មានអ្នកចូលចិត្ត និងទស្សនាជាច្រើន ពោលគឺរាប់លាននាក់ ព្រោះសុទ្ធសឹងតែបង្កប់ទៅដោយអត្ថន័យអប់រំក្នុងសង្គម និងបែបកំប្លុកកំប្លែង។ មិនតែប៉ុណ្ណោះ Mr-Zz Seng ក៏ជា Content Creator ម្នាក់តែងតែបង្កើតវីដេអូបែបកំប្លែងៗ អប់រំជាច្រើន ហើយសន្ទុះនៃការគាំទ្រមានការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។

តារាសម្ដែងវ័យលោក លឹម គីមសេង ហៅ Mr-Zz Seng បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា លោកពិតជាសប្បាយចិត្តដែលស្នាដៃរបស់ខ្លួន ត្រូវបានមហាជនគាំទ្រ ដែលធ្វើឲ្យលោកមានកម្លាំងចិត្ត នៅក្នុងការរិះរកនូវអ្វីដែលថ្មីប្លែក សម្រាប់អ្នកគាំទ្របន្ថែមទៀត។ ក្នុងការងារសិល្បៈ ទោះបីរូបលោកនៅមានភាពក្មេងខ្ចីក៏ពិតមែន ប៉ុន្តែលោកនឹងតាំងចិត្តជំនះរាល់ឧបសគ្គ និងចូលរួមចំណែកលើកស្ទួយវិស័យសិល្បៈរបស់ខ្មែរ ឲ្យកាន់តែរីកចម្រើនតាមរយៈការផលិតវីដេអូ និងការចូលរួមសម្ដែដោយផ្ទាល់។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ សម្រាប់គណនី TikTok របស់ Mr-Zz Seng មានអ្នកតាមដានរហូតទៅដល់ ៤.៥លាននាក់ និងឡាច ៦៥.៤លានឡាច ដែលជាចំនួនមួយដ៏ច្រើនលើសលប់ផងដែរ។ ថ្មីៗនេះតារាសម្ដែង Mr-Zz Seng បានលេចមុខចូលរួមសម្តែងរឿង «តាមចាប់ស្នេហ៍» របស់ក្រុមហ៊ុន Try Dana Co.,Ltd ដែលមានចាក់បញ្ចាំងតាមការឡាយផ្ទាល់ផេកផ្លូវការ NNP TV រៀងរាល់ចុងសប្តាហ៍។

មិនត្រឹមតែជាអ្នកផលិតវីដេអូក្នុងក្នុង TikTok ល្បីម្នាក់ លោក Mr-Zz Seng ក៏ជាមនុស្សចូលចិត្តធ្វើបុណ្យ ចែករំលែកក្តីស្រឡាញ់ទៅកាន់សហគមន៍ តាមរយៈកិច្ចការងារសប្បុរសធម៌ជាច្រើន ដូចជា ការចូលរួមជួយកុមារកំព្រា មនុស្សចាស់ជរា និងប្រជាជនខ្សត់ខ្សោយផងដែរ៕