(បរទេស)៖ ឌីជេស្រីល្បីឈ្មោះនិយមតែងខ្លួនសិចស៊ី បញ្ចេញសាច់ទ្រលុកទ្រលន់ ដែលជាតារាល្បីមួយរូបប្រចាំប្រទេសកូរ៉េខាងត្បូង គឺ DJ Soda ប៉ុន្មានថ្ងៃមកនេះ ហាក់ត្រូវបានគេចែករំលែកពេញបណ្តាញសង្គម បន្ទាប់ពីនាងបានជួបរឿងស្ទើរនឹងស្មានមិនដល់មួយ គឺត្រូវបានគេបន្លំចាប់ដើមទ្រូងពេញៗដៃ អំឡុងពេលចុះជួបអ្នកគាំទ្រនៅក្នុងការប្រគំតន្រ្តី «Osaka Music Circus Festival» នៅប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straits Tiems នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។

នាមជាតារា Hip-Hop រាំច្រៀងនៅលើឆាកចាប់តាំងពីការបង្ហាញខ្លួនលើកដំបូង តារាស្រី Soda បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃច័ន្ទថា «នាងមិនដែលជួបប្រទះរឿងបែបនេះទេ ក្នុងរយៈពេល១០ឆ្នាំ នៃអាជីពជាឌីជេ»។ តារាស្រីវ័យ៣៥ឆ្នាំរូបនេះបានឲ្យដឹងថា «ដើម្បីមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអ្នកគាំទ្រ ខ្ញុំតែងតែស្និទ្ធស្នាលជាមួយអ្នកគាំទ្រនៅពេលបញ្ចប់កម្មវិធី។ នៅពេលនោះ មានមនុស្សជាច្រើនបានប៉ះទ្រូងរបស់ខ្ញុំភ្លាមៗ ហើយខ្ញុំត្រូវបានពួកគេបៀតបៀន...ពិតជាអស់សង្ឃឹម...ខ្ញុំពិតជាខ្មាស់អៀនខ្លាំងណាស់ ហើយវាពិតជារឿងដ៏អាម៉ាសមួយ ដែលមិនគិតថាវាកើតឡើងសោះ»

តារាស្រីនិយមសិចស៊ីរូបនេះ បានបន្ថែមថា «មិនថាខ្ញុំស្លៀកសម្លៀកបំពាក់បែបណាទេ ការបៀតបៀនផ្លូវភេទ គឺមិនមែនជារឿងត្រឹមត្រូវទេ។ ខ្ញុំមានសេរីភាពក្នុងការស្លៀកពាក់អ្វីដែលខ្ញុំចង់ពាក់ ហើយគ្មាននរណាម្នាក់ អាចវិនិច្ឆ័យមនុស្សដោយរបៀប (ពួកគេ)ស្លៀកពាក់នោះទេ។ រូបកាយរបស់ខ្ញុំជារបស់ខ្ញុំ មិនមែនជារបស់អ្នកដទៃទេ។ ខ្ញុំចូលចិត្តស្លៀកសម្លៀកបំពាក់ ដែលសិចស៊ីហើយខ្ញុំនឹងបន្តពាក់វាទៀត»

ក្រោយមានហេតុការណ៍នេះកើតឡើង ក្រុមហ៊ុន TryHard Japan ដែលជាអ្នករៀបចំមហោស្រពតន្ត្រី បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារសប្តាហ៍នេះ និងបានបានថ្កោលទោស ចំពោះអំពើដែលខ្លួនចាត់ទុកថាជាបទល្មើស ហើយបាននិយាយថា ខ្លួននឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹងជនល្មើស ព្រមទាំងទាមទារសំណង៕