(បាងកក)៖ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា មានសេចក្ដីរីករាយចំពោះកូនក្រុមខ្លួន ដោយលោកបានចាត់ទុកជាកីឡាករជំនាន់ថ្មី សម្រាប់ការចូលរួមប្រកួតជម្រើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ AFF U23 Championship 2023 នៅប្រទេសថៃ ចាប់ពីថ្ងៃទី១៧-២៦ ខែសីហាខាងមុខ ។

នេះបើតាមការលើកឡើងក្នុងសន្នីសីទសារព័ត៌មាន មុនការប្រកួត នៅថ្ងៃទី១៦ ខែសីហានេះ បន្ទាប់ពីក្រុមគោព្រៃជំទង់កម្ពុជា បានធ្វើដំណើរទៅដល់ខេត្តរយ៉ង ប្រទេសថៃ កាលពីម្សិលមិញ ។ ជាមួយគ្នា លោកក៏បានអរគុណដល់ម្ចាស់ផ្ទះ ដែលបានរៀបចំទទួលក្រុមជម្រើសជាតិ U23 កម្ពុជាបានល្អ ទាំងម្ហូបអាហរ និងកន្លែងស្នាក់នៅផងដែរ ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បន្ដថា «ពួកយើងរីករាយ ដែលបានមកទីនេះ, ការត្រៀមខ្លួនគឺល្អ សម្រាប់កីឡាករកម្ពុជា ជំនាន់ថ្មីរបស់យើង ហើយយើងរំភើបក្នុងការប្រកួតម្ដងទៀត ជាមួយក្រុមកំពូលក្នុងតំបន់»

លោក Felix បញ្ជាក់បន្ថែមថា «យើងមានការលំបាកបន្ដិចដែរ សម្រាប់ការប្រមូលផ្ដុំកីឡាករ ព្រោះពានរង្វាន់នេះ មិនស្ថិតក្នុងថ្ងៃ (FIFA Day) អ៊ីចឹងកីឡាករសំខាន់មួយចំនួន ត្រូវអវត្តមាន ប៉ុន្ដែពួកយើង ក៏ទទួលបានកីឡាករថ្មីៗជាច្រើន ហើយពួកយើងរីករាយនឹងកីឡាករជំនាន់ថ្មីរបស់យើង ដើម្បីឲ្យពួកគាត់បានបង្ហាញសមត្ថភាពក្នុងពានរង្វាន់មួយនេះ»

សូមរំឮកផងថា ពានរង្វាន់ AFF U23 Championship 2023 ដែលថៃទទួលធ្វើម្ចាស់ផ្ទះឆ្នាំនេះ ក្រុមជម្រើសជាតិ U23 កម្ពុជា គឺស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះថៃ ប្រ៊ុយណេ និងមីយ៉ាន់ម៉ា ខណៈពូលB មានក្រុម U23 ទីម័រខាងកើត ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី និងពូល C មានវៀតណាម ហ្វីលីពីន និងក្រុមជម្រើសជាតិ U23 ឡាវ ។

ចំពោះកម្មវិធីប្រកួតរបស់ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួបក្រុម U23 ប្រ៊ុយណេមុនគេ នាម៉ោង ៤ល្ងាច ថ្ងៃទី១៧-សីហា មុនបន្ដជួបក្រុម U23 មីយ៉ាន់ម៉ា នាម៉ោង ៤ល្ងាចដូចគ្នា នៅថ្ងៃទី១៩-សីហា និងចុងក្រោយ ជួបក្រុមម្ចាស់ផ្ទះថៃ នាម៉ោង ៨យប់ ថ្ងៃទី២១-សីហា នៅកីឡដ្ឋានរយ៉ងទាំង ៣ប្រកួតតែម្ដង ៕