(ស៊ីដនី)៖ ទាំងក្រុមជម្រើសជាតិស្រ្តីអង់គ្លេស និងសហម្ចាស់ផ្ទះអូស្រ្តាលី សុទ្ធតែមានគោលដៅចង់បំបែកកំណត់ត្រាថ្មី របស់ខ្លួនដូចគ្នា តាមរយៈឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ស្រ្តីពិភពលោក FIFA Women’s World Cup 2023 ដ្បិតត្រូវប្រកួតបញ្ចប់វគ្គ ៤ក្រុមចុងក្រោយនាល្ងាចនេះ។

ស្រ្តីអង់គ្លេស អតីតជើងឯកពានអឺរ៉ុប Euro 2022 នឹងត្រូវពើបប្រទះទល់នឹងដៃគូម្ចាស់ផ្ទះ Women’s World Cup លើកទី៩ ជាមួយណូវែលហ្សេឡង់ គឺអូស្រ្តាលីនាម៉ោង ៥ល្ងាចថ្ងៃពុធ ទី១៦ ខែសីហា (ម៉ោងនៅកម្ពុជា) ក្នុងការប្រជែងកៅអីឡើងវគ្គផ្តាច់ព្រ័ត្រ ដែលត្រូវធ្វើឡើងក្នុងកីឡដ្ឋានស្ថិតក្នុងទីក្រុង Sydney ផងដែរ។

ក្រុមឈ្នះ នឹងត្រូវឡើងទៅប៉ះក្រុមស្រ្តីអេស្ប៉ាញ ដែលបានទម្លាក់ស្រ្តីស៊ុយអែត ២-១ កាលពីយប់មិញនេះ ដើម្បីដណ្តើមពាន Women’s World Cup គ្រាដែលក្រុមចាញ់ នឹងត្រូវប្រកួតយកចំណាត់ថ្នាក់លេខ៣ ដែរនាចុងសប្តាហ៍នេះដូចគ្នា។

នៅមុនការប្រកួតមកដល់ លោក Tony Gustavsson គ្រូបង្វឹកស្រ្តីអូស្រ្តាលីបានថ្លែងក្នុងសន្និសីទថា «បេសកកម្ម ដ៏ ធំ របស់ពួកយើងមិនទាន់បានបញ្ចប់នៅឡើយទេ ដ្បិតកន្លងមកក្រុមកង់ហ្គូរូមួយនេះ ពុំដែលឆ្លងផុតវគ្គ ៨ក្រុមឡើយ»
យ៉ាងនេះក្តី អង់គ្លេសដែលឡើងមកដល់វគ្គពាក់កណ្តាលលើកទី៣ ជាប់ៗគ្នានេះ ក៏មានក្តីរំពឹងឡើងវគ្គបន្តទៀតដែរ ក្នុងនាមក្រុមទើបទម្លាក់កូឡុំប៊ី ២-១ ពីក្នុងវគ្គ ៨ក្រុមមកនោះ។

លោកស្រី Sarina Wiegman អ្នកចាត់ការទូទៅតោកំណាចអង់គ្លេសក៏បានថ្លែងឲ្យដឹងដែរថា «អ្នកមិនអាចធានាបានគ្រប់រឿងនោះទេ។ វាពិតជាពិសេសខ្លាំងណាស់ដែលពួកយើងឈានដល់វគ្គជ្រៅបែបនេះ។ នៅពេលធ្វើបានបែបនេះ អ្នកពិតជាចង់ឈ្នះ និងឈានទៅវគ្គផ្តាច់ព្រ័ត្រថែមទៀត»