(អារ៉ាប៊ីសាអូឌីត)៖ ជាផ្លូវការ ខ្សែប្រយុទ្ធឆ្នើម Neymar បានសម្រេចកិច្ចសន្យាផ្ទេរចេញពីក្លិប Paris Saint Germain មកកាន់ក្លិប Al-Hilal ដែលរបាយការណ៍បង្ហាញថា ស្ថិតក្នុងតម្លៃប្រមាណ ៩៨លានដុល្លារ ជាមួយកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយការពាក់អាវលេខ១០ នៅលីគ Saudi Pro League ដែលកំពុងមាន Cristiano Ronaldo នៅជាមួយក្លិប Al-Nassr។

រំលឹកផងថា នេះជាក្លិបបាល់ទាត់អាជីពទី៤ ដែលខ្សែប្រយុទ្ធលំដាប់ពិភពលោក Neymar បានសម្រេចចូលរួមលេងជាមួយ ក្រោយពីចាប់ផ្តើមដំបូងជាមួយក្លិបប្រេស៊ីល Santos នៅតំបន់អឺរ៉ុបជាមួយ FC Barcelona និងក្លិប PSG មុនផ្ទេរកាន់ក្លិបទ្វីបអាស៊ី Al-Hilal ដែលជាក្លិបមួយស្ថិតក្រោមការគ្រប់គ្រងរបស់មូលនិធិវិនិយោកសាធារណៈអារ៉ាប៊ីសាអូឌីត។

ក្រោយពេលសម្រេចការចុះហត្ថលេខា បុរសវ័យ ៣១ឆ្នាំ Neymar បានលើកឡើងថាថា «ខ្ញុំបានសម្រេចលទ្ធផលច្រើននៅតំបន់អឺរ៉ុប នឹងជាមួយការរីករាយនៅពេលវេលាដ៏ពិសេសៗ ប៉ុន្តែខ្ញុំតែងតែចង់ក្លាយជាអ្នកលេងកម្រិតសកល ហើយនេះជាការសាកល្បងខ្លួនឯងមួយ ទៅនឹងបញ្ហាប្រឈមជាមួយឱកាសថ្មីៗ នឹងនៅទីកន្លែងថ្មីៗ»

ការលេងជាមួយ Barcelona ខ្សែប្រយុទ្ធ Neymar បង្ហាញខ្លួនបាន ១៨៦ប្រកួត នឹងរកបាន ១០៥គ្រាប់ ខណៈលេងជាមួយ PSG រកបានគ្រាប់ស៊ុត ១១៨គ្រាប់ជាមួយការលេង ១៧៣ប្រកួត ជាមួយការឈ្នះលីគតំបន់អឺរ៉ុប UEFA Champions League, FIFA Club World Cup នាមជាកីឡាករកាន់កំណត់ត្រាតម្លៃផ្ទេរ ២០០លានផោនកាលឆ្នាំ២០១៧៕