(ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន (តំណាងកម្ពុជា) នឹងត្រូវជួបក្រុម Young Elephants FC (តំណាងឡាវ) នាវេលាម៉ោង ៦ល្ងាចថ្ងៃទី១៦ ខែសីហានេះ នៅកីឡដ្ឋាន Smart RSN ក្នុងវគ្គជម្រុះបឋម (Preliminary Stage) នៃពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ី AFC Cup 2023។

ចាំមើលតើក្រុមជើងឯកលីគកំពូលកម្ពុជា អាចទម្លាក់ក្រុមជើងឯកលីគកំពូលឡាវ ឡើងទៅវគ្គបន្ដ នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះបាន ឬទេ?

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោនបានលើកឡើងថា ក្រុមខ្លួនបានរង់ចាំការប្រកួតនេះ រយៈពេល ១ឆ្នាំមកហើយ ហើយលោកក៏បានដាក់គោលដៅប្រជែងកៅអីវគ្គបន្ដឲ្យខានតែបានផងដែរ។

លោក Oleg និយាយថា «យើងរង់ចាំការប្រកួតនេះរយៈពេល ១ឆ្នាំ។ នេះគឺជាការប្រកួតដែលយើងចង់លេង ហើយគោលដៅរបស់យើងគឺឡើងទៅលេងវគ្គបន្ត។ ដូច្នេះខ្ញុំគិតថា នឹងក្លាយជាការប្រកួតដ៏ជក់ចិត្ត។ ក្រុមរបស់ពួកគេ (Young Elephants FC) គឺមានកីឡាករចាកចេញមួយចំនួន និងនាំចូលមួយចំនួនដូចគ្នា ប៉ុន្តែប្រព័ន្ធលេងរបស់គេគឺរក្សាដដែល។ ពួកគេគឺជាក្រុមដែលចូលចិត្តគ្រប់គ្រងបាល់ច្រើន ក៏ដូចជាគ្រប់គ្រងការប្រកួតផងដែរ។ ដូច្នេះគឺស្រដៀងនឹងការលេងរបស់យើងដែរ»

សូមបញ្ជាក់ថា ជំនួបវគ្គជម្រុះបឋមលើទឹកដីកម្ពុជាល្ងាចនេះ សម្រាប់ក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅជួបក្រុម Tampines Rovers របស់សិង្ហបុរីតែម្តងនៅវគ្គ Play-Off Stage នាថ្ងៃទី២៣ ខែសីហា ដើម្បីដណ្ដើមកៅអីវគ្គចែកពូល (Group Stage) នៃពានរង្វាន់ AFC Cup 2023៕