(ភ្នំពេញ)៖ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ដែលជាក្រុមហ៊ុនអប់រំឯកជនដំបូងបំផុត ចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា (CSX) បានចេញរបាយការណ៍លទ្ធផលហិរញ្ញវត្ថុរបស់ខ្លួន នៅក្នុងត្រីមាសទីពីរដែលទើបនឹងបិទបញ្ចាប់កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ដើម្បីគូសបញ្ជាក់ឡើងវិញអំពីស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំរបស់ខ្លួន នៅឆ្នាំ២០២៣ផងដែរ។

បើតាមរបាយការណ៍ហិរញ្ញវត្ថុ ក្រុមហ៊ុនទទួលបានចំណូលសរុបប្រមាណ ១៨,៨៣២,៥៧០ ដុល្លារ នៅត្រីមាសទីពីរដំបូង ក្នុងឆ្នាំ២០២៣ ដោយមានការកើនឡើងដល់ទៅ ៦,៣៨៣,៥៣៧ ដុល្លារ ស្នើនឹង៥១% ធៀបនឹងត្រីមាសទីពីរដំបូង ក្នុងឆ្នាំ២០២២កន្លងទៅ ដែលកើនត្រឹមតែ ១២,៤៩៩,០៣៣ ដុល្លារ។ ភាពរីកចម្រើនផ្នែកហិរញ្ញវត្ថុដ៏រឹងមាំនេះ បណ្តាលមកពីកត្តាមួយចំនួន។

កត្តាដំបូងនិងសំខាន់បំផុតនោះគឺ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក អាចរៀបចំសម្របខ្លួនបានភ្លាមៗ ទៅនឹងស្ថានភាពអប់រំអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។ ថ្វីបើពេលនោះ អ្វីៗធ្វើឡើងដោយបណ្តោះអាសន្ន ប៉ុន្តែដោយមានកំណែទម្រង់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ទើប ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក អាចបន្តប្រតិបត្តិការផ្តល់សេវាអប់រំនិងត្រលប់មកបង្រៀនដូចដើមបានភ្លាមៗ នៅពេលប្រទេសដទៃទៀតក្នុងសកលលោកអាចវិលត្រលប់មកសភាពធម្មតាវិញ។ មិនខុសពីនេះប៉ុន្មាន ដោយសារតែមានការទទួលស្គាល់និងជឿជាក់លើកេរ្តិ៍ឈ្មោះស្ថាប័ន សាលារៀនរបស់ខ្លួនអាចបន្ត និងរក្សាកំណើនសិស្សមកចុះឈ្មោះចូលរៀន។

ជាងនេះទៅទៀតនោះ ក្រុមហ៊ុនបានប្រមូលបានប្រាក់ចំណេញដុលចំនួន ១២,៣៣២,៧៤១ ដុល្លារ និងប្រាក់ចំណេញសុទ្ធប្រមាណ ៣,២៦៧,៩០៦ ដុល្លារ។ ពិតណាស់ ទឹកប្រាក់បានកើនឡើងគួរឱ្យកត់សម្តគាល់ ប្រមាណ ៤,០៤២,៩១១ ដុល្លារ និង ១,០៥២,៨១១ ដុល្លារ បើធៀបទៅនឹង៦ខែដំបូងនៃឆ្នាំមុន។

បើក្រឡេកមើលស្ថានភាពហរិញ្ញវត្ថុរបស់ក្រុមហ៊ុន តាមឆ្នាំហិរញ្ញវត្ថុចុងគ្រា ដែលបានបិទបញ្ចប់នៅខែធ្នូឆ្នាំ២០២២កន្លងទៅ យើងអាចមើលឃើញថា ទ្រព្យសកម្មសរុបមានចំនួន ៦,៥៧២, ២០៦ ដុល្លារ បានកើនដល់ទៅ ៨០,៤៧១,៨៤៦ ដុល្លារ។ ការណ៍នេះ បញ្ជាក់ឱ្យឃើញថា អត្រាកើនឡើងមានដល់ទៅ៩% ធៀបនឹងចំនួន ៧៣,៨៩៩,៦៤០ ដុល្លារ យោងតាមរបាយការណ៍ដែលបិទបញ្ចប់នៅឆ្នាំកន្លងទៅ។ ម្យ៉ាងវិញទៀត មូលធនសរុបក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ពោលកើនពី ១៧,៩៦៣,៨៦២ ដុល្លារ ទៅ ២២,៧១៤,៤៧៣ ដុល្លារ ស្មើនឹងកំណើន២៦.៤% ។ បំណុលសរុបបានកើនឡើង ១,៨២១,៥៩៥ ដុល្លារ ស្មើនឹង៣.៣% ពោលកើនពី ៥៥,៩៣៥,៧៧៨ ដុល្លារ ទៅ ៥៧,៧៥៧,៣៧៣ ដុល្លារ។

គោលបំណងរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ហៅកាត់ MJQE គឺបង្កើតសាលារៀនឯកជនដែលប្រកាន់ភ្ជាប់ស្តង់ដាអន្តរជាតិ ដោយផ្តោតលើគុណភាព វិន័យ និងសេវាកម្ម។
គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនបានពង្រីកខ្លួនរហូតដល់ទៅ១៦សាខា គ្រប់ដណ្តប់ក្នុងទីក្រុងរាជធានីភ្នំពេញ ខេត្តតាកែវ និងខេត្តសៀមរាប។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនកំពុងគ្រោងនឹងពង្រីក៤សាខាបន្ថែមទៀត ស្ថិតក្នុងខណ្ឌសែនសុខនិងខណ្ឌច្បារអំពៅ នៅក្នុងខែសីហា និងកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ៕