(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ប្រកាសបញ្ចុះតម្លៃលក់រថយន្តចំនួនពីម៉ូដែលក្នុងប្រទេសចិន រួមមានកំពូលរថយន្តអគ្គិសនី Model Y និង Model 3 ដែលរថយន្តនីមួយៗនឹងត្រូវបានបញ្ចុះតម្លៃចន្លោះពី ១០០០ដុល្លារឡើងទៅ ខណៈការបញ្ចុះតម្លៃនេះមានជាពិសេសសម្រាប់តែទីផ្សារប្រទេសចិនប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

នេះជាលើកទីពីរក្នុងឆ្នាំ២០២៣ ហើយដែល Tesla ប្រកាសបញ្ចុះតម្លៃក្នុងចំនួនច្រើនបែបនេះនៅប្រទេសចិន។ ក្នុងខែកក្កដាកន្លងទៅ Tesla ធ្លាប់បានបញ្ចុះតម្លៃប្រមាណ ៥ភាគរយរួចទៅហើយសម្រាប់រថយន្តពីរម៉ូដែលនេះ ដែលអំឡុងពេលនោះឃើញថា សន្ទុះនៃការលក់រថយន្តរបស់ Tesla បានកើនឡើងគួរឱ្យកត់សម្គាល់។

យោងតាមការប្រកាសពីក្រុមហ៊ុន Tesla នៅថ្ងៃចន្ទសប្តាហ៍នេះបានឱ្យដឹងថា ខ្លួននឹងបញ្ចុះតម្លៃប្រមាណ ៥ភាគរយជាលើកទីពី។ សម្រាប់រថយន្ត Model Y Long Rang ឥឡូវនេះបន្ទាប់ពីបញ្ចុះតម្លៃនៅសល់ប្រហែល ៤២,០០០ដុល្លារ និង Model Y Performance នៅសល់ប្រហែល ៤៨,០០០ដុល្លារ ដែលទទួលបានការបញ្ចុះតម្លៃរហូតដល់ជាង ២,០០០ដុល្លារឯណោះ។ ចំណែកឯរថយន្ត Model 3 វិញនឹងទទួលបានការបញ្ចុះតម្លៃប្រហែល ១,១០០ដុល្លារ និងមានរយៈពេលកំណត់រហូតដល់អំឡុងខែកញ្ញាឯណោះ ខណៈដែលរថយន្ត Model Y ខាងលើមិនត្រូវបានក្រុមហ៊ុនគូសបញ្ជាក់ថា នឹងមានរយៈពេលធ្វើការបញ្ចុះតម្លៃដល់ពេលណានោះទេ។

គួរជម្រាបដែរថា មូលហេតុដែលធ្វើឱ្យ Tesla បញ្ចុះតម្លៃលក់រថយន្តជាបន្តបន្ទាប់នេះគឺ ដោយសារតែទីផ្សារលក់រថយន្ត និងរោងចក្រដ៏ធំរបស់ Tesla ក្នុងប្រទេសចិនកំពុងរងការប្រកួតប្រជែងជាខ្លាំងទៅលើសមត្ថភាព ក៏ដូចជាសង្រ្គាមតម្លៃពីក្រុមហ៊ុនផលិតរថយន្តក្នុងស្រុករបស់ចិនដូចជា BYD, Nio និង Xpeng ជាដើម។ គិតត្រឹមថ្ងៃប្រកាសបញ្ចុះតម្លៃរថយន្តនៅដើមសប្តាហ៍នេះ ភាគហ៊ុន Tesla បានធ្លាក់ចុះខ្ទង់ ៣ភាគរយបន្ថែមទៀត៕