(ភ្នំពេញ)៖ សាកលវិទ្យាល័យវេស្ទើន បានប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោកបណ្ឌិត ឈយ អ៉ីឈូល សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ យ៉ុងណាម (សាធារណរដ្ឋកូរ៉) និងជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពិធីនេះធ្វើឡើងនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ នៅក្នុងសាកលវិទ្យាល័យវេស្ទើន ក្រោមអធិបតីភាព លោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

ថ្លែងក្នុងពិធី បណ្ឌិត ទូច វិសាលសុខ បានថ្លែងថា សញ្ញាបត្របណ្ឌិតកិត្តិយស គឺជាពានរង្វាន់ដ៏សំខាន់បំផុតមួយក្នុងការអប់រំក្រោយឧត្តមសិក្សា ដែលទទួលស្គាល់សមិទ្ធិផលឆ្នើមរបស់អ្នកទទួល ទោះបីជាមិនបានចូលសិក្សានៅសាកលវិទ្យាល័យផ្ទាល់ក៏ដោយ។

លោកបន្តថា សញ្ញាបត្របណ្ឌិតកិត្តិយស គឺជាប័ណ្ណសរសើរ ដែលសាកលវិទ្យាល័យផ្តល់ឲ្យសម្រាប់ការលះបង់របស់បេក្ខជន វាខុសពីសញ្ញាបត្របណ្ឌិតសំខាន់ៗ ដែលបេក្ខជនរកបាន ដោយការបំពេញកម្មវិធីអប់រំ ដែលបានកំណត់ទុកជាមុនរបស់សាកលវិទ្យាល័យ។ បុគ្គលដែលទទួលបាននូវសញ្ញាបត្រកិត្តិយសនេះ ត្រូវបានវាយតម្លៃយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នបំផុត ដោយគណៈកម្មការវាយតម្លៃថ្នាក់បណ្ឌិត និងក្រុមប្រឹក្សាវិទ្យាសាស្ត្រ របស់សាកលវិទ្យាល័យ មុននឹងប្រគល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយស ដល់បុគ្គលណាមួយ។

ជាមួយគ្នានេះដែរលោក តែ ឡូរិន បានឲ្យដឹងដែរថា ការរៀបចំពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះឡើង គឺជាការដឹងគុណដល់លោកបណ្ឌិត ឈយ អ៉ីឈូល ដែលលោកបានចំណាយកម្លាំងកាយចិត្ត និងពេលវេលាក្នុងការជួយប្រទេសកម្ពុជា តាមរយៈការកៀរគររកអ្នកវិយោគ មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនាមលោកជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន។ មិនតែប៉ុណ្ណោះ លោកបានចូលរួមយ៉ាងសកម្ម ក្នុងកម្មវិធីភូមិ១ផលិតផល១ ដែលដឹកនាំដោយ លោកបណ្ឌិត ឃឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម។ ជាមួយគ្នានេះផងដែរ លោកបណ្ឌិត ឈយ អ៉ីឈូល បានស្វែងរកជំនួយ និងអារហាររូបករណ៍ ជួយដល់និស្សិតកម្ពុជា ឲ្យមានឱកាសបន្តការសិក្សានៅ សាកលវិទ្យាល័យ យ៉ុងណាម ទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយបរិញ្ញាបត្រជាច្រើនកន្លែងផងដែរ។

លោកបណ្ឌិត ឈយ អ៉ីឈូល ពិតជាមានក្តីរំភើប ដោយទទួលដំណឹងថា ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសនៅកម្ពុជា ពីសាកលវិទ្យាល័យវេស្ទើន មិនតែប៉ុណ្ណោះទេថែមទាំងទទួលស្គាល់ពីអាជ្ញាធររដ្ឋាភិបាលទៀតផង។ ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត ឈយ អ៉ីឈូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងមន្ត្រីរដ្ឋាភិបាល ដែលបានចូលរួមក្នុងកម្មវិធីប្រគល់ សញ្ញាបត្រកិត្តិយសនាថ្ងៃនេះ។ អ្វីដែលលោកបានធ្វើរហូតមកដល់ពេលនេះ គឺគ្មានអ្វីក្រៅពីការខិតខំក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា៕