(ភ្នំពេញ)៖ លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានលើកឡើងថា ក្រុមខ្លួនបានរង់ចាំការប្រកួតជម្រុះ AFC Cup រយៈពេល ១ឆ្នាំមកហើយ ហើយលោកក៏បានដាក់គោលដៅប្រជែងកៅអីវគ្គបន្ដឲ្យខានតែបានក្នុងពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះផងដែរ។

នេះបើតាមការឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតជម្រុះបឋម (Preliminary Stage) នៃពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ី AFC Cup 2023 រវាងក្រុមជើងឯកលីគកំពូលកម្ពុជា គឺក្រុមភ្នំពេញក្រោន ជាមួយក្រុម Young Elephants FC ដែលជាក្រុមជើងឯកលីគកំពូលឡាវ នាល្ងាចថ្ងៃទី១៦ ខែសីហាស្អែកនេះ នៅកីឡដ្ឋាន Smart RSN។

គ្រូបង្វឹកជនជាតិអ៊ុយក្រែនដដែល បញ្ជាក់ថា «យើងរង់ចាំការប្រកួតនេះរយៈពេល ១ឆ្នាំ។ នេះគឺជាការប្រកួតដែលយើងចង់លេង ហើយគោលដៅរបស់យើងគឺឡើងទៅលេងវគ្គបន្ត។ ដូច្នេះខ្ញុំគិតថា នឹងក្លាយជាការប្រកួតដ៏ជក់ចិត្ត»។

ចំពោះគូប្រជែងក្នុងវគ្គជម្រុះបឋមនេះ លោក Oleg យល់ថា «ក្រុមរបស់ពួកគេ(Young Elephants FC) គឺមានកីឡាករចាកចេញមួយចំនួន និងនាំចូលមួយចំនួនដូចគ្នា ប៉ុន្តែប្រព័ន្ធលេងរបស់គេគឺរក្សាដដែល។ ពួកគេគឺជាក្រុមដែលចូលចិត្តគ្រប់គ្រងបាល់ច្រើន ក៏ដូចជាគ្រប់គ្រងការប្រកួតផងដែរ។ ដូច្នេះគឺស្រដៀងនឹងការលេងរបស់យើងដែរ»

សម្រាប់ការប្រកួតវគ្គជម្រុះបឋម ដែលសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) អនុញ្ញាតឲ្យរៀបចំការប្រកួតនៅទឹកដីកម្ពុជាខាងលើ នឹងចាប់ផ្ដើមការប្រកួតនាម៉ោង ៦ល្ងាចស្អែក ហើយក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅជួបក្រុម Tampines Rovers របស់សិង្ហបុរី នៅវគ្គ Play-Off Stage នាថ្ងៃទី២៣ ខែសីហា ដើម្បីដណ្ដើមកៅអីវគ្គចែកពូល (Group Stage) នៃពានរង្វាន់ AFC Cup 2023៕