(ភ្នំពេញ)៖ ធនាគារ វីង បានឧបត្ថម្ភគាំទ្រដល់ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ លើកទី៨ ដែលប្រព្រឹត្តិឡើងកាលពីពេលថ្មីៗនេះ នៅបរិវេណប្រាសាទអង្គរវត្ត ដែលមានការរៀបចំដោយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងលើកស្ទួយវិស័យកីឡា និងធ្វើឲ្យវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបមានភាពរស់រវើកឡើងវិញ ជាពិសេសក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយដែលបានគាំទ្រដល់ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ព្រោះនេះមិនត្រឹមតែជួយធ្វើឲ្យវិស័យទេសចរណ៍រស់ឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់វិស័យកីឡា និងសុខុមាលភាពនៅកម្ពុជា និងនៅទូទាំងពិភពលោកផងដែរ»

លោកបានបន្ថែមថា «ព្រឹត្តិការណ៍នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញពីភាពរឹងមាំ និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា និងផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍របស់ខ្លួន ព្រោះបានទាក់ទាញអ្នករត់ប្រណាំងរាប់ពាន់នាក់មកពីជុំវិញពិភពលោក។ ធនាគារ វីង ប្តេជ្ញាចិត្ត គាំទ្រដល់សកម្មភាពទាំងឡាយណាដែលផ្តល់ផលវិជ្ជមានដល់ស្ថានភាពសេដ្ឋកិច្ច និងសង្គមកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា»

ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ ផ្តល់ជូនអ្នកចូលរួមនូវបទពិសោធន៍រត់ដ៏ពិសេសមួយ ដោយលាយបញ្ចូលភាពអស្ចារ្យនៃធម្មជាតិ ជាមួយនឹងភាពសម្បូរបែបនៃប្រវត្តិសាស្ត្រ។ លើសពីការរត់ អ្នកចូលរួមអាចគយគន់សម្បត្តិវប្បធម៌របស់ប្រទេសកម្ពុជានៅតាមដងផ្លូវ អមជាមួយវាលស្រែដ៏ខៀវស្រងាត់ ភូមិដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ និងថ្ងៃរះដ៏ស្រស់ស្អាតផងដែរ។

ព្រឹត្តិការណ៍នេះផ្តល់ផលវិជ្ជមានយ៉ាងទូលំទូលាយលើសពីកីឡា និងទេសចរណ៍ ដោយសារប្រាក់ចំណូលមួយចំណែកបានមកពីកម្មវិធីនឹងជួយទៅដល់មន្ទីរពេទ្យកុមារ ដោយបង្ហាញពីការប្តេជ្ញាចិត្តចំពោះសុខុមាលភាព និងការចូលរួមរបស់សហគមន៍។

លោក សែម ផល្លា នាយកចាត់ការទូទៅនៃកម្មវិធីរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ បានមានប្រសាសន៍អំពីព្រឹត្តិការណ៍នេះថា «ព្រឹត្តិការណ៍នេះដើរតួជាវេទិកាផ្សព្វផ្សាយកីឡា និងទាក់ទាញភ្ញៀវទេសចរណ៍ឲ្យកាន់តែច្រើនមកកាន់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងរដូវវស្សា។ អ្នករត់ប្រណាំងជាង២,៥០០នាក់ មកពី៤៥ប្រទេសបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះ។ នេះជាឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការជំរុញវិស័យទេសចរណ៍ និងទាក់ទាញអ្នករត់ប្រណាំងកាន់តែច្រើនឲ្យមកស្វែងយល់ និងទស្សនាប្រទេសកម្ពុជា»

លោក សែម ផល្លា បានបញ្ជាក់បន្ថែមទៀតថា «ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកឧបត្ថម្ភដូចជា ធនាគារ វីង ជាដើម ក៏ដូចជាដៃគូសហការផ្សេងទៀត ដែលបានធ្វើឲ្យព្រឹត្តិការណ៍នេះកាន់តែអធិកអធម និងអាចទទួលស្វាគមន៌អ្នករត់បានរាប់ពាន់នាក់»

ធនាគារ វីង បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនជាថ្មីម្តងទៀត ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ ក្រៅពីឧបត្ថម្ភព្រឹត្តិការណ៍ម៉ារ៉ាតុងអាណាចក្រខ្មែរ លើកទី៨ ធនាគារ វីង ក៏បានជួយគាំទ្រដល់សកម្មភាពមនុស្សធម៌ សុខមាលភាព កិច្ចការបរិស្ថាន បរិយាបន្នហិរញ្ញវត្ថុ សហគ្រិនភាព និងនវានុវត្តន៍។ ព្រឹត្តិការណ៌រត់ម៉ារ៉ាតុងផ្តល់ជូនអ្នករត់ប្រណាំងនូវរយៈចម្ងាយចំនួន៤ប្រភេទខុសៗគ្នាគឺ៖ ៣គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ២១គីឡូម៉ែត្រ និង ៤២គីឡូម៉ែត្រ។ ព្រឹត្តិការណ៍នេះក៏បានផ្តល់ផលវិជ្ជមាន ជាពិសេសនោះដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់តែម្តង៕