(អាមេរិក)៖ អ្នកដឹកនាំរឿងជនជាតិអាមេរិក លោកស្រី Greta Gerwig បន្តបំបែកឯតទគ្គកម្មក្នុងឧស្សាហកម្មភាពយន្ត ជាមួយរឿងនិយាយពីតុក្កតា «Barbie» ខណៈដែលរឿងនេះវាយលុកទីផ្សារសម្រាប់ ៤សប្តាហ៍ជាប់ៗគ្នា ធ្វើឲ្យកើបប្រាក់ចំណូលបានជាង១ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straits Times នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

Gerwig ផលិតករស្រ្តី បានដឹកនាំរឿង «Barbie» រហូតបានក្លាយជាអ្នកដឹកនាំរឿងស្ត្រីទោលដំបូងគេ ដែលរកចំណូលបានជាង១ពាន់លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនា ក្នុងរោងកុនទូទាំងពិភពលោក។ Gerwig វ័យ៤០ឆ្នាំ បានវ៉ាដាច់ Jennifer Lee ដែលបានសហការដឹកនាំរឿងភាគគំនូរជីវចល ឆ្នាំ២០១៩ ចំណងជើងថា «Disney's Frozen» ជាមួយ Chris Buck ។ Frozen II រកបាន ៤៧៧.៤ លានដុល្លារអាមេរិក នៅអាមេរិកខាងជើង ខណៈរឿង «Barbie» ដែលសម្តែងដោយ Margot Robbie (ម៉ាហ្កត រ៉ប់ប៊ី) និង Ryan Gosling (រ៉ាយអិន ហ្កសស្លីង) រកចំណូលបានរហូតដល់ ១.២ពាន់លានដុល្លារទូទាំងពិភពលោក។

ជាមួយនឹងលទ្ធផលនេះ មានន័យថាលោកស្រី Gerwig បានជាប់ឈ្មោះជាអ្នកដឹកនាំរឿងស្ត្រី ដែលរកចំណូលបានខ្ពស់បំផុតពីខ្សែភាពយន្ត និងមានស្នាដៃលេចធ្លោរ ទទួលបានការចាប់អារម្មណ៍ ពីទស្សនិកជនទូទាំងពិភពលោក។ នេះបើយោងតាមសារព័ត៌មាន The Hollywood Reporter៕