(អាមេរិក)៖ ស្ទូឌីយ៉ូហូលីវូដបានធ្វើការផ្តល់ជូនសំណើថ្មី ដល់អ្នកនិពន្ធភាពយន្ត រួមមានការមិនប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជំនួសការងារមនុស្ស និងការបង្ហាញទិន្នន័យអ្នកទស្សនា ដើម្បីបានដឹងថា តើស្នាដៃរបស់ពួកគេមានប្រជាប្រិយភាពកម្រិតណា? នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

សម្ព័ន្ធអ្នកផលិតភាពយន្ត និងទូរទស្សន៍ ដែលតំណាងឲ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយធំៗដូចជា Warner Bros. Discovery Inc. និង Paramount Global បានយល់ព្រម ដើម្បីធានាថា ស្នាដៃដែលបង្កើតឡើង ដោយមនុស្សត្រូវបានការពារ ជាជាងយកការងារផ្សេងៗជំនួសដោយបញ្ញាសិប្បនិម្មិត។ ក្រុមហ៊ុនក៏នឹងចែករំលែកទិន្នន័យអំពីចំនួនម៉ោង ដែលមានការទស្សនានៅលើសេវាកម្មស្ទ្រីមផងដែរ ដូច្នេះអ្នកនិពន្ធអាចដឹងថា កម្មវិធីរបស់ពួកគេមានប្រជាប្រិយភាពកម្រិតណា។

ជុំវិញសំណើថ្មីនេះ សហនាយកប្រតិបត្តិក្រុមហ៊ុន Netflix លោក Ted Sarandos បានសម្តែងការពេញចិត្ត និងចង់ធ្វើយ៉ាងណា ឲ្យកិច្ចព្រមព្រៀងនេះឈានដល់ទីបញ្ចប់ឆាប់ៗជាមួយអ្នកនិពន្ធ ខណៈថ្មីៗនេះ លោក Bob Iger នាយកប្រតិបត្តិក្រុមហ៊ុន Walt Disney Co. បានចូលរួមផងដែរ ក្នុងការជំរុញឲ្យមានកិច្ចព្រមព្រៀងមួយនេះ។

គួរបញ្ជាក់ថា សមាជិកសមាគមអ្នកនិពន្ធអាមេរិក ហៅកាត់ថា WGA បានធ្វើកូដកម្មដោយលើកឡើងពីបញ្ហាប្រាក់ឈ្នួល ភាគលាភពីការបញ្ចាំងភាពយន្តអនឡាញ និងបញ្ហាផ្សេងទៀត ដូចជាការកំណត់ចំពោះការប្រើប្រាស់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI លើស្នាដៃអ្នកនិពន្ធ។ ការធ្វើកូដកម្មនៅហូលីវូដនៅពេលនេះ ត្រូវបានគេដឹងថា កំពុងចោទជាបញ្ហាយ៉ាងធំក្នុងឧស្សាហកម្មកម្សាន្ត និងបង្ខំឲ្យការផលិតភាពយន្ត និងកម្មវិធីទូរទស្សន៍ជាច្រើនត្រូវផ្អាកបណ្ដោះអាសន្ន។ តែយ៉ាងណា ទោះបីជាមានការផ្តល់ជូននូវសំណើថ្មីក៏ដោយ ប៉ុន្តែនៅមិនទាន់ឈានដល់ការព្រមព្រៀងគ្នាសម្រេចនៅឡើយទេ រវាងក្រុមអ្នកនិពន្ធហូលីវូដ និងស្ទូឌីយោធំៗ៕