(ឡុងដ៏)៖ ជាផ្លូវការ ក្លិបតោខៀវ Chelsea បានសម្រេចកិច្ចចរចាទិញយកខ្សែបម្រើ Moises Caicedo ពីក្លិប Brighton Hove & Albion នៅក្នុងតម្លៃផ្តល់ជូនដំបូង ១០០លានផោន ហើយនឹងបូកបន្ថែម ១៥លានផោនទៀត លើលក្ខខណ្ឌទាក់ទងទៅនឹងការអនុវត្ត។

ជាមួយការបង់ ១៥លានផោនបន្ថែមនោះ គឺផ្អែកទៅលើឱកាសបានបង្ហាញខ្លួនច្រើនលើករបស់ Moises ដែលក្លិប Brighton បានដាក់ក្តីរំពឹងថា ពួកគេនឹងទទួលបានតម្លៃពេញ ១១៥លានផោននេះក្នុងរយៈពេលដ៏ខ្លី។

នេះជាការផ្តល់ជូននៅតម្លៃបំបែកកំណត់ត្រាតម្លៃទិញដូរកីឡាករនៅលីគបាល់ទាត់អង់គ្លេស ចំនួន ១១៥លានផោន ក្រោយពេលសំណើរតម្លៃ ១១១លានផោនរបស់ Liverpool ត្រូវបានបដិសេធកាលពីសប្តាហ៍មុន ចំពោះការនាំយកកីឡាករសញ្ជាតិអេក្វាឌ័រ មានវ័យ ២១ឆ្នាំ Moises។

ជាមួយគ្នានេះដែរ ខ្សែបម្រើ Moises បានលើកឡើងថា «ខ្ញុំមិនបាច់គិតច្រើននោះទេ ជាមួយការហៅ ២លើករបស់ Chelsea មកកាន់ខ្ញុំ, ខ្ញុំទើបតែដឹងថា ចង់ចុះកុងត្រាជាមួយក្លិប ដែលវាជាសុបិនក្លាយជាការពិត បានមកទីនេះ ហើយខ្ញុំមិនអាចរង់ចាំបានទេ ដើម្បីចាប់ផ្តើមជាមួយក្រុម»

រំលឹកផងថា Moises ជាខ្សែបម្រើម្នាក់ត្រូវបានក្លិប Brighton នាំមកក្នុងតម្លៃ ៤លានផោនប៉ុណ្ណោះកាលឆ្នាំ២០២១ ខណៈនៅពេលនេះបានយល់ព្រមកិច្ចសន្យារយៈពេល ៨ឆ្នាំជាមួយក្លិបម្ចាស់កីឡដ្ឋាន Stamford Bridge ហើយក៏នៅមានជម្រើសបន្ត ១ឆ្នាំទៀត៕