(បរទេស)៖ ថ្មីៗនេះទទួលបានរបាយការណ៍លេចធ្លាយមកថា Apple គ្រោងបំពាក់រន្ធសាក USB-C និងមុខងារ Face ID នៅលើស្មាតហ្វូនដែលមានតម្លៃមធ្យម iPhone SE 4 ជំនាន់ថ្មី ជាលើកដំបូងដែលនឹងមកដល់នាពេលខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រព័ត៌មាន ABPLIVE នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍លេចធ្លាយពីអ្នកណែនាំស្មាតហ្វូនប្រចាំឆ្នាំ Unknownz21 នេះនឹងក្លាយជាការផ្លាស់ប្តូរដ៏សំខាន់បំផុតសម្រាប់ស្មាតហ្វូនលំដាប់ថវិកា ឬស្មាតហ្វូនដែលមានតម្លៃមធ្យម iPhone SE ដែលធ្លាប់តែប្រើរន្ធសាក Lightning និង Toch ID។ ចំពោះរូបរាង iPhone SE 4 ឆ្នាំនេះនឹងមានការឌីហ្សាញស្រដៀងគ្នាទៅនឹង iPhone SE 3 ប៉ុន្តែវាមានការផ្លាស់ប្តូរពិសេសទៅលើរន្ធសាក Lightning ទៅជារន្ធសាក USB-C ដែលការផ្លាស់ប្តូរនេះនឹងធ្វើឱ្យ iPhone SE អាចប្រើជាមួយឆ្នាំងសាកដូចគ្នានឹង MacBooks និង iPads ចុងក្រោយបង្អស់។

មិនត្រឹមតែប៉ុណ្ណោះ iPhone SE 4 ក៏មានពាក្យចចាមអារ៉ាម ថានឹងមាន Face ID ផងដែរ។ Face ID គឺជាប្រព័ន្ធសម្គាល់ផ្ទៃមុខដែលមានសុវត្ថិភាពជាង Touch ID ហើយវាក៏ងាយស្រួលជាងផងដែរ ដោយសារអ្នកប្រើប្រាស់មិនចាំបាច់ចុចប៊ូតុងកណ្តាល ដើម្បីដោះសោរស្មាតហ្វូនរបស់ពួកគេឡើយ។ លើសពីនេះទៅទៀត iPhone SE 4 ត្រូវបានគេរំពឹងថា នឹងបំពាក់ដោយបន្ទះឈីប A15 Bionic លឿនជាងមុន និងមានកម្លាំងខ្លាំងដែលត្រូវបានបំពាក់នៅលើ iPhone 14 ចំណែកមុខងារកាមេរ៉ានឹងល្អជាងមុន និងថ្មកាន់បានយូរជាងមុនថែមទៀតផង។

គួរជម្រាបដែរថា ពេលវេលាប្រកាសចេញ iPhone SE 4 ជំនាន់ថ្មីទំនងជាមកដល់នៅអំឡុងថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះ ខណៈតម្លៃនឹងចាប់ផ្តើមពី ៣៩៩ដុល្លារឡើងទៅ តម្លៃក្រៅស្រុក៕