(មេនឆេស្ទើ)៖ ខ្សែបម្រើ Kevin De Bruyne នឹងអវត្តមានពីការធ្វើដំណើរសម្រាប់ប្រកួតក្របខណ្ឌ UEFA Super Cup របស់ក្លិប Manchester City ទល់នឹងក្រុម Seville បន្ទាប់ពីមានរបួសសរសៃពួរ។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

អ្នកចាត់ការក្លិបមេឃខៀវ លោក Pep Guardiola បានឲ្យដឹងថា កីឡាករអន្តរជាតិបែលហ្សិក វ័យ ៣២ឆ្នាំរូបនេះនឹងត្រូវអវត្តមាន «ជាច្រើនសប្តាហ៍»

ក្លិបមិនទាន់បានផ្តល់នូវការធ្វើបច្ចុប្បន្នភាពស្តីពីភាពធ្ងន់ធ្ងរ នៃការរងរបួសនៅឡើយនោះទេ ប៉ុន្តែឈ្មោះរបស់ខ្សែបម្រើរូបនេះ មិនមាននៅក្នុងបញ្ជីឈ្មោះកីឡាករ ២២រូប សម្រាប់ការប្រកួតនាយប់ថ្ងៃពុធ នៅទីក្រុង Athens ប្រទេសក្រិកនោះទេ នៅពេលដែលបញ្ជីបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ក្លិប City នារសៀលថ្ងៃចន្ទ។

សូមជម្រាបថា De Bruyne គឺជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករសំខាន់របស់ Man City ចាប់តាំងពីការមកដល់របស់លោក ក្នុងតម្លៃខ្លួន ៥៥លានផោន ផ្ទេរមកពីក្លិប Wolfsburg កាលពីខែសីហា ឆ្នាំ២០១៥ ហើយត្រូវបានគេចាត់ទុកថា ជាខ្សែបម្រើម្នាក់ ក្នុងចំណោមខ្សែបម្រើដ៏ជោគជ័យបំផុត ក្នុងវិស័យបាល់ទាត់៕