(ភ្នំពេញ)៖ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំង នៃព្រះរាជាណាចក្រកម្ពុជា បានបើកភ្លើងខៀវ ចំពោះសំណើរបស់ស្ដេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc បន្ទាប់ពីកីឡាករជើងខ្លាំងរូបនេះ ស្នើចង់ជួប និងចាប់ដៃឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ពេលរូបគេមកប្រកួតក្រោមទម្រង់ប្រដាល់គុនខ្មែរ ជាមួយកីឡាករកម្ពុជានាចុងឆ្នាំ២០២៣ នេះ។

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានឆ្លើយតបតាមរយៈបណ្ដាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី១៥ ខែសីហានេះថា «សួស្ដីលោក Dave Leduc! សូមអរគុណលោកចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ (គុនខ្មែរ)។ សូមជូនពរលោកទទួលបានជោគជ័យ។ រង់ចាំជួបគ្នានៅប្រទេសកម្ពុជានាចុងឆ្នាំនេះពេលដែលលោកមកកាន់ប្រទេសកម្ពុជា»

គួរដឹងថា កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ Dave Leduc បានបង្ហោះសំណេរជាសាភាខ្មែរ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា «ខ្ញុំសូមអបអរសាទរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជា។ នៅចុងឆ្នាំនេះ ខ្ញុំមកលេងប្រទេសកម្ពុជាដ៏ស្រស់ស្អាត ហើយត្រូវទៅប្រកួតក្រោមគុនខ្មែរ។ នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រយុទ្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍ នៅពេលដែលខ្ញុំមកដល់កម្ពុជា»

កីឡាករកូនកាត់មីយ៉ាន់ម៉ា-កាណាដាដដែលបន្ថែមថា «ខ្ញុំមានអ្នកតាមដានរាប់លាននាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានប្រជាជនចំនួន ៥៤លាននាក់ ប្រទេសកម្ពុជាមាន ១៦លាននាក់ ហើយប្រទេសទាំងពីរ នឹងលើកទឹកចិត្តពួកយើង ដើម្បីអបអរសាទរមិត្តភាពដ៏អស្ចារ្យ រវាងមីយ៉ាន់ម៉ា និងកម្ពុជា តាំងពីបុរាណកាលមក។ ប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក នឹងនិយាយអំពីព្រឹត្តិការណ៍នេះ ព្រោះវានឹងក្លាយជាការប្រយុទ្ធចូលនិវត្តន៍របស់ខ្ញុំ»

«តើឯកឧត្ដមចូលចិត្តសិល្បៈក្បាច់គុនឬទេ? ប្រសិនបើចូលចិត្ត នោះពិតជាមហាកិត្តិយសសម្រាប់ខ្ញុំ សម្រាប់គូប្រជែងរបស់ខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់ ប្រសិនបើឯកឧត្ដមមានវត្តមានអញ្ជើញចូលរួមជាភ្ញៀវមហាកិត្តិយសនៅទីក្រុងភ្នំពេញ»។ នេះគឺសំណួរ Dave Leduc មកកាន់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ស្របពេលគេចង់ជួប និងប្រកួតក្រោមវត្តមានរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត។

Dave Leduc បន្ដថា «ទោះបីជាខ្ញុំជាជនជាតិបរទេសក៏ដោយ ក៏ខ្ញុំស្រឡាញ់ និងគោរពកម្ពុជាផងដែរ។ ហេតុនេះហើយបានជាខ្ញុំព្រមប្រកួតក្រោមក្បាច់គុនបុរាណខ្មែរ “គុនខ្មែរ” ព្រោះខ្ញុំដឹងពីប្រវត្តិសាស្ត្រពិត…។ ខ្ញុំចង់ចាប់ដៃឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត។ សង្ឃឹមថា ឯកឧត្ដមអាចពិចារណាតាមការអញ្ជើញរបស់ខ្ញុំ សូមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ»

សូមរំឮកថា Dave Leduc ប៉ងជួបកីឡាករជើងខ្លាំងកម្ពុជា ១រូប គឺកីឡាករ ព្រំ សំណាង បន្ទាប់ពីអ្នកលេងគុនខ្មែររូបនេះ បានសាងភាពល្បីល្បាញ ទាំងការប្រកួតក្នុងស្រុក និងក្រៅស្រុក ពិសេសគឺការដណ្ដើមបានមេដាយមាសកីឡាស៊ីហ្គេម លើកទី៣២ កាលពីថ្មីៗ។ យ៉ាងណាក្ដី គូប្រជែងដែល Dave Leduc ប្រកាសនឹងមកប្រកួតនៅកម្ពុជា ក្រោមទម្រង់ប្រដាល់គុនខ្មែរនោះ មិនទាន់ប្រកាសជាផ្លូវការនោះទេ តែមហាជន និងអ្នកតាមដានគុនខ្មែរ ជឿជាក់ថា គូប្រជែងរបស់សម្ដេចប្រដាល់មីយ៉ាន់ម៉ារូបនេះ មិនទៅណាឆ្ងាយពី ព្រំ សំណាង នោះឡើយ៕