(ឡុងដ៍)៖ ក្លិប​បាល់ទាត់ញញួរធំ West Ham United បានចុះហត្ថលេខានាំយកខ្សែបម្រើ James Ward-Prowse មកពីក្លិប Southampton លើកិច្ចព្រមព្រៀងរយៈពេល ៤ឆ្នាំ។ នេះបើតាមក្លិបទាំងពីរបានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

ការផ្ទេរខ្សែបម្រើរូបនេះ ត្រូវបានគេរាយការណ៍ថា មានតម្លៃប្រមាណ ៣០លានផោន (៣៨.០៨លានដុល្លារ)។

កីឡាករវ័យ ២៨ឆ្នាំរូបនេះបានបង្ហាញខ្លួន ជាង៤០០ប្រកួត សម្រាប់ក្លិប Southampton និងបានទទួលតួនាទីជាប្រធានក្រុមរបស់ក្លិបកាលពីរដូវកាលមុន នៅពេលដែលពួកគេ ត្រូវបានកាត់ចេញពីលីគ Premier League បន្ទាប់ពីបញ្ចប់នៅបាតតារាង។

Ward-Prowse ដែលបានចូលលេង ១១លើកឲ្យក្រុមជម្រើសជាតិអង់គ្លេសនោះ បានចំណាយពេល ២ទសវត្សរ៍លេងឲ្យក្លិប Southampton។ លោកបានចូលរួមជាមួយថ្នាលបណ្តុះបណ្តាលរបស់ Southampton ក្នុងវ័យ ៨ឆ្នាំ និងបានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមជម្រើសដំបូងនៅវ័យ ១៦ឆ្នាំ ក្នុងឆ្នាំ២០១១។

លោកបានស៊ុតបាល់បញ្ចូលទីចំនួន ១៧គ្រាប់ និងស៊ុតបាល់ Free Kicks ក្នុងលីគ Premier League ១គ្រាប់ តិចជាងអតីតខ្សែបម្រើ Manchester United លោក David Beckham ដែលបានកាន់កំណត់ត្រា៕