(ភ្នំពេញ)៖ កីឡាករយុវជនខ្មែរ-បារាំង Loic Chan ឬឈ្មោះជាភាសាខ្មែរ «ចាន់ឡូអិច អាឡាអ៊ិន» កំពុងប្រមូលផ្ដុំហ្វឹកហាត់ធ្វើតេស្ដលើកទី២ ជាមួយក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា ដើម្បីត្រៀមចូលរួមការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ AFF U23 Championship 2023 នៅប្រទេសថៃ នាសប្ដាហ៍ក្រោយ ។

ក្រោយហ្វឹកហាត់បានប៉ុន្មានថ្ងៃ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានកោតសរសើរពីបច្ចេកទេសរបស់យុវជនវ័យ ១៨ឆ្នាំរូបនេះ ។ តែយ៉ាងណាលោកថា ត្រូវការពេលវេលាដូចគ្នា ដើម្បីតាមដានរូបគេផង ក៏ដូចជាដើម្បីឲ្យ Loic Chan បន្សាំនឹងស្ថានភាពជាក់ស្ដែង ព្រោះគេទើបមកដល់ និងចាប់ផ្ដើមហាត់ ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដដែលបន្ដថា «ដោយសារគាត់(Loic Chan) ថ្មី យើងត្រូវការពេលវេលាមើលគាត់ ហើយគាត់ក៏ត្រូវការពេលវេលាដូចគ្នា ដើម្បីបម្រែបម្រួលតាមស្ថានភាពជាក់ស្ដែង ព្រោះគាត់នៅវ័យក្មេងនៅឡើយ ។ គាត់ក៏ត្រូវការអត់ធ្មត់ខ្លួនឯង ហើយយើងក៏ត្រូវការអត់ធ្មត់ដូចគ្នា ក្នុងការមើលគាត់ ។ អ៊ីចឹងពីមួយពេលទៅមួយពេល គឺរឹតតែប្រសើរជាងមុន»

ពាក់ព័ន្ធបច្ចេកទេសរបស់កីឡាករកូនកាត់ខ្មែរ-បារាំងដដែល លោក Felix fa «បច្ចេកទេសគាត់ល្អមែនទែន ដោយសារគាត់បានហ្វឹកហាត់នៅប្រទេសអេស្ប៉ាញរយៈពេល ២ឆ្នាំដែរ ហើយក្រុមការងារជម្រើសជាតិយើង ក៏បានតាមគាត់យូរក្រែលដែរ ។ អ៊ីចឹងអ្វីដែលត្រូវការឥលូវ គឺគាត់យកបច្ចេកទេស ដែលគាត់មាន មកបញ្ជូលជាមួយរបៀបលេងរបស់ក្រុមជម្រើសជាតិយើងបច្ចុប្បន្ន»

គួរដឹងថា Loic Chan គឺមានឪពុកជាជនជាតិខ្មែរ-បារាំង គឺលោក Mauice Chan ដែលជាតារាសម្ដែងក្បាច់គុននៅហូលីវូដ និងម្ដាយជាជនជាតិបារាំង ។ បច្ចុប្បន្នរូបនេះ កំពុងប្រកបអាជីពបាល់ទាត់ជាមួយក្រុមយុវជន U18 នៃក្លិបបាល់ទាត់អេស្ប៉ាញ RCD Mallorca បន្ទាប់ពីចាប់ផ្ដើមហ្វឹកហាត់បាល់ទាត់ តាំងពីអាយុ ៥ឆ្នាំ ។ Loic Chan បានសម្ដែងក្ដីរីករាយ និងមានមោទនភាពជាខ្លាំង ដែលបានជាប់ឈ្មោះមកលេងឲ្យក្រុមជម្រើសជាតិ U23 កម្ពុជា ដ្បិតនេះគឺជាក្ដីស្រមៃខ្លួនតាំងពីកុមារ ។

ដោយឡែកពាក់ព័ន្ធនឹងការប្រកួតជើងឯកយុវជនអាស៊ាន AFF U23 Championship 2023 ដែលថៃធ្វើម្ចាស់ផ្ទះវិញ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៧-២៦ ខែសីហាខាងមុខ ។ បេសកកម្មនេះ ក្រុមជម្រើសជាតិ U23 កម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះថៃ ប្រ៊ុយណេ និងមីយ៉ាន់ម៉ា ខណៈពូលB មានក្រុម U23 ទីម័រខាងកើត ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី និងពូល C មានវៀតណាម ហ្វីលីពីន និងឡាវ ៕