(ស៊ីដនី)៖ ក្រុមម្ចាស់ផ្ទះស្រ្តីអូស្រ្តាលី បានឆ្លងចូលវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទាត់ស្រ្តីពិភពលោក Women’s World Cup 2023 លើកទី៩ នេះ បន្ទាប់ពីទម្លាក់គូប្រជែងស្រ្តីដាណឺម៉ាករួចមក។

ការប្រកួត ៩០នាទីពេញនៅកីឡដ្ឋាន Stadium Australia ស្ថិតក្នុងទីក្រុងស៊ីដនីនារាត្រីថ្ងៃចន្ទ ទី០៧ ខែសីហានោះ ក្រុមកង់ហ្គូរូអូស្រ្តាលី ធ្វើបានយ៉ាងល្អ ដើម្បីទម្លាក់ក្រុមមកពីអឺរ៉ុប ស្រ្តីដាណឺម៉ាកចេញពី World Cup ត្រឹមវគ្គ ១៦ក្រុមតាមរយៈលទ្ធផល ២ទល់នឹង០។

នេះមានន័យថា ក្រុមលេងតំណាងឲ្យទ្វីបអាស៊ីនេះ នឹងត្រូវប៉ះគូប្រជែងស្រ្តីបារាំង ឬក៏ម៉ារ៉ុក ក្នុងវគ្គ ៨ក្រុមចុងក្រោយជាបន្តទៀតនៅចុងសប្តាហ៍ ដ្បិតពួកគេ (បារាំង-ម៉ារ៉ុក) ត្រូវប្រកួតបញ្ចប់វគ្គ ១៦ក្រុមនាយប់នេះ។

នេះក៏ជាលើកទី២ ផងដែរសម្រាប់អូស្រា្តលីដែលបានឆ្លងចូលវគ្គ ៨ក្រុម ដ្បិតធ្លាប់ឡើងដល់វគ្គនេះម្តងដែរកាលឆ្នាំ២០១៥ ហើយក៏ជាលើកដំបូងសម្រាប់ស្រ្តីដាណឺម៉ាក ដែលឡើងមកលេងជុំចុងក្រោយនៅ Women’s World Cup គិតចាប់តាំងពីឆ្នាំ២០០៧ មក និងបានបង្ហាញខ្លួនក្នុងវគ្គ ១៦ក្រុមជាលើកដំបូងដែរ ក្រោយរង់ចាំអស់ ២៨ឆ្នាំ៕