(បរទេស)៖ ថ្មីនេះកំពូលមហាសេដ្ឋីបច្ចេកវិទ្យាលោក Elon Musk បានបង្ហោះសារនៅលើបណ្តាញផ្សព្វផ្សាយសង្គមរបស់លោកថា ការប្រកួតវាយគ្នាក្នុងទ្រុងជាមួយនឹងនាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg នឹងមានការផ្សាយបន្តផ្ទាល់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។

កំពូលបុរសបច្ចេកវិទ្យាទាំងពីររូប នេះជាគូរប្រជែងនឹងគ្នាជាយូរមកហើយ ដោយកាលពីអំឡុងខែមិថុនាកន្លងទៅធ្លាប់បានឌឺដង នឹងបបួលគ្នាឡើងប្រកួតលើសង្វៀនថែមទៀតផង។ តាមរយៈសារបង្ហោះរបស់ Musk នៅថ្ងៃអាទិត្យម្សិលមិញនេះ លោកបានស្នើសុំកំណត់ថ្ងៃឡើងប្រកួតលើសង្វៀន ជាមួយ Mark Zuckerberg នៅថ្ងៃទី២៦ ខែសីហាខាងមុខនេះ។ ខណៈការប្រកួតនេះគ្រោងរៀបចំធ្វើឡើងនៅទីក្រុង Las Vegas សហរដ្ឋអាមេរិកដែលជាការប្រកួតរវាង Musk និង Zuck ក្នុងក្បាច់គុនប្រកួតវាយគ្នាក្នុងទ្រុងជឺជិតស៊ូ។

ដោយឡែកខាងភាគីក្រុមហ៊ុន Meta ដែលជាមេធំរបស់ Facebook វិញ នៅមិនទាន់មានការឆ្លើយតបណាមួយ ចំពោះការបង្ហោះរបស់ CEO ក្រុមហ៊ុន Tesla និង X រូបនេះ នៅឡើយនោះទេ ។

គួរជម្រាបដែរថា Elon Musk និង Mark Zuckerberg បានប្រកួតប្រជែងក្នុងឧស្សាហកម្មបច្ចេកវិទ្យាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែការប្រកួតប្រជែងរបស់ពួកគេបានផ្ទុះឡើងទៅជាសង្រ្គាមបច្ចេកវិទ្យាក្នុងឆ្នាំ ២០១៦ បន្ទាប់ពីរ៉ុក្កែត SpaceX បានផ្ទុះ និងបំផ្លាញផ្កាយរណបមួយរបស់ Facebook ។ មហាសេដ្ឋីទាំងពីរនាក់នេះ ចាប់តាំងពីពេលនោះមក បានដោះដូរជាមួយបញ្ហាជាច្រើន រួមទាំងបញ្ញាសិប្បនិម្មិត ប្រព័ន្ធផ្សព្វផ្សាយសង្គម និងសូម្បីតែអនាគតរបស់មនុស្សជាតិ៕