(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក បានបើកសម្ពោធសាខាថ្មីរបស់ខ្លួនមួយទៀតនៅខេត្តកំពង់ចាម ដើម្បីពង្រីកបន្ថែមនូវសេវាកម្មធនាគារទំនើបៗទៅដល់សហគមន៍ឲ្យបានកាន់តែទូលំទូលាយ ស្របពេលនឹងការអបអរសាទរខួប១៥ឆ្នាំរបស់ខ្លួនក្នុងការផ្តល់សេវាកម្ម និងជួយដល់ប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ២០០៨ មក។

ពិធីសម្ពោធនេះធ្វើឡើងក្រោមវត្តមានឥស្សរជនកិត្តិយសជាច្រើនរូប ដែលរួមមាន៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិ នៃកម្ពុជា ព្រមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានថ្លែងថា «ការបើកដំណើរការធនាគារ វីង សាខាខេត្តកំពង់ចាម គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើងខ្ញុំក្នុងការផ្តល់ជូនសហគមន៍នូវដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប ដែលផ្តល់ភាពងាយស្រួលប្រើប្រាស់នៅក្នុងមូលដ្ឋានពួកគាត់រស់នៅ ដែលជាការបំពេញបន្ថែមនៃចក្ខុវិស័យក្នុងការជួយលើកកម្ពស់ជីវភាពសហគមន៍ឲ្យកាន់ប្រសើឡើង»

កំពង់ចាម ដែលជាខេត្តដ៏ចំណាស់មួយរបស់ប្រទេសកម្ពុជា គឺជាតំបន់ដែលមានការអភិវឌ្ឍ ហើយបច្ចុប្បន្នមានប្រជាជនប្រមាណជាង១លាននាក់។ យោងតាមទិន្នន័យរបស់រាជរដ្ឋាភិបាលបានបង្ហាញថា សេដ្ឋកិច្ចរបស់ខេត្តកំពង់ចាមមានការរីកលូតលាស់គួរឲ្យកត់សម្គាល់ ដោយទំហំសេដ្ឋកិច្ចខេត្តនេះបានកើនដល់ ១.៨ពាន់លានដុល្លារ ដែលរួមចំណែក ៦.៧% នៃទំហំសេដ្ឋកិច្ចជាតិក្នុងឆ្នាំ២០២២។ បច្ចុប្បន្នខេត្តកំពង់ចាមមានរោងចក្រ សហគ្រាសជាង៥១០ទីតាំងដោយបានបង្កើតឱកាសការងារទៅដល់ពលរដ្ឋប្រមាណ៣៦,០០០កន្លែង។

លោក ហាន ប៉េងក្វាង បានបន្ថែមថា ខណៈពេលយើងខ្ញុំកំពុងអបអរសាទរខួប១៥ឆ្នាំនៃការផ្តល់សេវាហិរញ្ញវត្ថុនៅកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនទូទាំង២៥រាជធានី/ខេត្តក្រុងក្នុងប្រទេសកម្ពុជា ដែលបានជឿជាក់លើសេវាកម្មហិរញ្ញវត្ថុ និងធនាគាររបស់យើងខ្ញុំរហូតមក។ យើងនឹងបន្តរីកចម្រើនរួមគ្នា និងរួមចំណែកដើម្បីបុព្វហេតុកម្ពុជាមានការវិវឌ្ឍបានលឿន។

ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ មកទល់បច្ចុប្បន្ននេះ វីង នៅតែរក្សាការប្តេជ្ញាចិត្តចំពោះបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលដែលចាំបាច់ទៅដល់ប្រជាជនកម្ពុជាគ្រប់រូប ដើម្បីធ្វើឲ្យជីវភាពរស់នៅប្រចាំថ្ងៃបានកាន់តែប្រសើរឡើង។

សាខាថ្មីរបស់ធនាគារ វីង ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ នៅចន្លោះសកលវិទ្យាល័យជាស៊ីមកំចាយមា និងរង្វង់មូលក្រុងកំពង់ចាម នឹងផ្តល់សេវាកមម្មធនាគារយ៉ាងទូលំទូលាយទៅដល់អតិថិជន ដោយបើកដំណើរការពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៤ល្ងាច។

លើសពីនេះ សេវាម៉ាស៊ីន ATM និងម៉ាស៊ីនដាក់ប្រាក់របស់ធនាគារ វីង អាចឲ្យអតិថិជនប្រើប្រាស់បាន២៤ម៉ោងជារៀងរាល់ថ្ងៃ។
សាខាថ្មីនេះមានចំណតរថយន្តធំទូលាយ បន្ទប់ប្រជុំទំនើបទាន់សម័យ និងម៉ាស៊ីន ATM ដើម្បីបំពេញតម្រូវការអតិថិជន។ លើសពីនេះទៀត ក្នុងអំឡុងពេលរង់ចាំទទួលសេវាកម្មធនាគារ អតិថិជនក៏អាចទទួលទានកាហ្វេ និងទឹកផ្លែឈើពីហាង Coffee Hub ឋិតក្នុងបរិវេណសាខារបស់ធនាគារ វីង ដ៏មានឱជារស និងគុណភាពខ្ពស់ផងដែរ។

ធនាគារ វីង សាខាខេត្តកំពង់ចាមផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប ដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន។ សេវាកម្មទាំងនេះរួមមាន៖ ប្រាក់កម្ចី ប្រាក់បញ្ញើ ការសន្សំ ការផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ ការទូទាត់ថ្លៃទឹក-ភ្លើង ព្រមទាំងសេវាកម្មជាច្រើនទៀត។ មិនថាជាតម្រូវការផ្ទាល់ខ្លួន ឬអាជីវកម្មនោះឡើយ ធនាគារ វីង ផ្តល់សេវាកម្មដែលមានសុវត្ថិភាពខ្ពស់ ហើយអាចទុកចិត្តបាន ដើម្បីជួយអតិថិជនសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេឲ្យកាន់តែប្រសើរឡើង៕