(ភ្នំពេញ)៖ ការប្រកួតបាល់ទះលក្ខណៈមហាជន ដណ្ដើមពានរង្វាន់លោកបណ្ឌិត ស សុខា រដូវកាលទី១ ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ អមជាមួយភាពអស្ចារ្យជាច្រើន ពិសេសជំនួបវគ្គផ្ដាច់ព្រ័ត្រ នារាត្រីថ្ងៃទី០៦ ខែសីហា ដែលក្រុមស្នងការនគរបាលខេត្តព្រះសីហនុ បានយកឈ្នះក្រុមខ្លាំងវិសាខា ៣-២ (សិត) ដើម្បីគ្រងជើងឯក ចំពោះមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៥ពាន់នាក់។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការប្រកួតរយៈពេល ៥ថ្ងៃកន្លងមក ដែលមានបេក្ខភាព ៩ក្រុមចូលរួម និងបង្កើតនូវភាពភ្ញាក់ផ្អើល ដោយទាក់ទាញបានអ្នកគាំទ្រដ៏ច្រើន ស្របតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំសហព័ន្ធ ក្នុងការបង្កើតនូវសកម្មភាពនានា ពិសេសការប្រកួត ក្រោយព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិកាលពីថ្មីៗ។

ក្នុងនាមមន្ដ្រីជំនាញ លោកបានសម្ដែងការភ្ញាក់ផ្អើល ចំពោះការប្រកួតប្រជែងរបស់ក្រុម ក៏ដូចជាសន្ទុះអ្នកគាំទ្រវិស័យកីឡាបាល់ទះកម្ពុជា។ លក្ខខណ្ឌមួយចំនួន ដូចជាការបើកឲ្យដាក់កីឡាករបរទេសលេង បានរំញោចឲ្យបណ្ដាក្លិបចូលរួមត្រៀមលក្ខណៈបានគ្រប់ជ្រុងជ្រោយ ដ្បិតពាននេះ ត្រូវបានចាត់ទុកជាការប្រកួត Pre-Season មួយ ដើម្បីឲ្យក្លិបនីមួយៗ ត្រៀមការប្រកួតធំៗនាចុងឆ្នាំ ដូចជាការប្រកួតភូមិភាគ ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ពិសេសលីគសម្ដេចតេជោ ហ៊ុន សែន តែម្ដង។

លោកបន្ដថា «បន្ទាប់ពីពាននេះ ខ្ញុំជឿជាក់ថា បណ្ដាក្លិបទូទាំងប្រទេស ដែលមានធនធាននឹងពង្រឹងកីឡាកររៀងៗខ្លួន ដើម្បីធ្វើម៉េចឲ្យលីគសម្ដេចតេជោ កាន់តែពុះកញ្ជ្រោល និងភាពអស្ចារ្យថែមទៀត ហើយក៏អាចធ្វើឲ្យធនធានកីឡាករកម្ពុជា កាន់តែរីកចម្រើន ក្រោយពេលគាត់លេងប្រៀបធៀបជាមួយបរទេសទាំងតំបន់អាស៊ី និងតំបន់ផ្សេងៗ។ យើងឃើញថា គាត់នឹងពង្រឹងទម្រង់លេង ដើម្បីតាមគេឲ្យទាន់ បើមិនអ៊ីចឹង គាត់អាចបាត់ឱកាសលេង ជាក់ស្ដែងក្នុងពានមហាជននេះ គ្រប់កីឡាករកម្ពុជា គឺខិតខំបង្ហាញនូវទម្រង់លេងរបស់គាត់ឲ្យជនរួមជាតិ ជឿជាក់ថា ពួកគាត់គឺអស្ចារ្យ»។

«នេះជាភាពអស្ចារ្យដែលបញ្ជាក់ថា វិស័យបាល់ទះកម្ពុជា អាចនឹងរីកធំធាត់ជាងហ្នឹងបន្ថែមទៀត ទាល់តែមានការប្រកួតប្រជែងខ្ពស់។ ការប្រកួតប្រជែងខ្ពស់មិនមែនយើងធ្វើតែក្នុងរង្វង់កីឡាករជាតិទេ បើមិនអ៊ីចឹងកម្រិតរបស់យើង មិនអាចលើសពីបច្ចុប្បន្នឡើយ។ បើយើងចង់ពង្រឹងអត្តពលិកជាតិ ឲ្យកាន់តែខ្លាំងថែមទៀត ទាល់តែមានឈាមថ្មី គឺអត្តពលិកបរទេស ដើម្បីធ្វើម៉េចឲ្យការប្រកួតប្រជែងខ្ពស់ ត្រដំត្រសងគ្នា ហើយចំពោះអត្តពលិកជាតិយើង ដែលគិតថា ខ្លួនមិនទាន់ដល់កម្រិតកំពូល គឺគាត់ត្រូវខំប្រឹងបន្ថែមទៀត ដើម្បីប្រកួតប្រជែងជាមួយបរទេស»។ លោកបណ្ឌិត អាំង សិរិពិសិដ្ឋ បន្ថែម។

ផ្អែកលើកត្ដាទាំងនេះ លោកជឿជាក់ថា គ្រប់បណ្ដាក្លិបធំៗដែលមានលទ្ធភាព នឹងព្យាយាមពង្រឹងក្រុមខ្លួន ក៏ដូចជានាំយកកីឡាករបរទេសមកជួយក្រុម ដើម្បីជំរុញឲ្យការប្រកួតកម្រិតអន្ដរជាតិ ពិសេសជំរុញលីគសម្ដេចតេជោ ហ៊ុន សែន នាចុងឆ្នាំឲ្យកាន់តែជោគជ័យ។ នេះគឺជាចំណុចចាប់ផ្ដើមួយ ដើម្បីសម្រួចអត្តពលិកជាតិឲ្យឈានដល់កម្រិតខ្ពស់ ហើយឆ្ពោះទៅប្រជែងមេដាយលើឆាកអន្ដរជាតិ ពិសេសឆ្ពោះទៅរកមេដាយស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ។

សូមបញ្ជាក់ថា ពិធីបិទពានរង្វាន់លក្ខណៈមហាជនខាងលើ បានធ្វើឡើងក្រោមវត្តមានលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធ។ ចំពោះក្រុមជយលាភី ក្រុមជើងឯកស្នងការនគរបាលខេត្តព្រះសីហនុ ទទួលបានប្រាក់រង្វាន់ ២០លានរៀល និងក្រុមជើងឯករង សមាគមកីឡាបាល់ទះវិសាខា ទទួលបាន ១២លានរៀល និងលេខ៣ ក្រុមបញ្ជាការដ្ឋានអង្គរក្ស ទទួលបាន ៨លានរៀល៕