(ភ្នំពេញ)៖ ធនាគារ ប៊ីអាយស៊ី និង ក្រុមហ៊ុន KESS INNOVATION Plc. បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រីកវិសាលភាពបច្ចេកវិទ្យាឌីជីថលដ៏ថ្មី ទំនើបសម្រាប់អតិថិជន តំណាងដោយលោក បណ្ឌិត ហុង សុខឡេង នាយកប្រតិបត្តិធនាគារ ប៊ីអាយស៊ី និងលោក ប៉េះ គឹមស៊្រាន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន KESS Innovation Plc.។

ធនាគារ ប៊ីអាយស៊ី តែងតែខិតខំស្វែងរកនូវមធ្យោបាយ ក្នុងការបង្កើនប្រសិទ្ធភាព និងដំណោះស្រាយដើម្បីជាជំនួយដល់អតិថិជនរបស់ខ្លួនក្នុងការទូទាត់ និងគ្រប់គ្រងសាច់ប្រាក់។

លោកបណ្ឌិត ហុង សុខឡេង នាយកប្រតិបត្តិធនាគារ ប៊ីអាយស៊ី បានថ្លែងក្នុងឱកាសនោះផងដែរថា «កិច្ចសហប្រតិបត្តិការនេះ ជាលទ្ធផលនៃទស្សនវិស័យ និងការប្តេជ្ញាក្នុងការផ្តល់ជូននូវ ភាពកាន់តែងាយស្រួល និងសុវត្ថិភាពនៃសេវាធនាគារបែបឌីជីថល ព្រមទាំងភាពច្នៃប្រឌិត និងជំនាញនៃដំណោះស្រាយបចេ្ចកវិទ្យា»

គួរបញ្ជាក់ផងដែរថា ធនាគារ BIC គឺជាធនាគារពាណិជ្ជដែលផ្តល់ជូននូវវិសាលភាពពេញលេញនៃសេវាកម្មធនាគារដែលគ្របដណ្តប់លើសេវាកម្មធនាគារបុគ្គល និងធនាគារសាជីវកម្ម អតិថិជន High-Net-Worth និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់អតិថិជន។

ដោយបានដំណើរការអស់រយៈពេល ៥ ឆ្នាំរហូតមកដល់ពេលនេះ ធនាគារពង្រីកបានពង្រីកនូវបណ្តាញសាខារបស់ខ្លួនដើម្បីបម្រើសេវាកម្មជូនអតិថិជនឱ្យកាន់តែទូលំទូលាយ។ ជាមួយនឹង សេវាធនាគារតាមទូរស័ព្ទដៃ BIC Mobile អតិថិជនធនាគារ BIC អាចរីករាយក្នុងការប្រើប្រាស់សេវាកម្មធនាគារទូលំទូលាយដូចជា បង់វិកយបត្រផ្សេងៗ ផ្ញើប្រាក់ទៅគ្រប់គណនីធនាគារដែលជាសមាជិកបាគង និង ស្កេន KHQR ដោយមិនគិតថ្លៃសេវាទូទាំងប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទគ្រប់ប្រព័ន្ធ។

ប្រសិនបើលោកអ្នកមិនទាន់មានគណនី BIC លោកអ្នកក៏អាចបើកគណនី (BIC Digital Account) បានយ៉ាងងាយស្រួល គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយគ្រាន់តែតម្លើង (download) កម្មវិធីធនាគារតាមទូរស័ព្ទដៃ BIC Mobile ពី App Store ឬ Google Play Store។ ក្រៅពីបណ្ណឥណពន្ធ BIC Debit Mastercard ហើយឆាប់ៗខាងមុខនេះធនាគារនឹងដាក់ដំណើរការ បណ្ណឥណទាន BIC Credit Mastercard អតិថិជនអាចរីករាយនូវអត្ថប្រយោជន៍ ក្នុងការទូទាត់ទំនិញតាមអនឡានទូទាំងពិភពលោក រួមទាំងការផ្តល់ជូននូវប្រម៉ូសិនជាច្រើនសន្ធឹកសន្ធាប់។

លោក ប៉េះ គឹមស៊្រាន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន KESS Innovation Plc. បន្ថែមថា «បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរយៈពេលបីឆ្នាំ យើងជឿជាក់ថាទីផ្សារ (កម្ពុជា) ឥឡូវនេះមានភាពចាស់ទុំ គ្រប់គ្រាន់ក្នុងការប្រើផលិតផលពិសេសរបស់យើង៖ KESS CHAT។ KESS CHAT ភ្ជាប់កសិករ និងអ្នកប្រើប្រាស់ក្នុងស្រុក អ្នកលក់ទៅកាន់អ្នកផ្គត់ផ្គង់ ដើម្បីទទួលបាន WeChat/Alipay/Visa Card/Mastercard»

KESS INNOVATION Plc. ត្រូវបានបង្កើតឡើងដោយក្រុមសហគ្រិន និងជាក្រុមហ៊ុនរបស់កម្ពុជា ១០០% ក្នុងគោលបំណងជួយអាជីវកម្ម ឲ្យមានភាពរីកចម្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដំណោះស្រាយទូទាត់សាជីវកម្ម Fintech របស់ក្រុមហ៊ុនសម្រាប់ការទូទាត់តាមទូរស័ព្ទត្រូវបានគេហៅថា KESS Innovation Pay ព្រមទាំង មុខងារផ្សេងៗទៀតរួមមាន សេវាដឹកជញ្ជូន ការទូទាត់វិក្កយបត្រទឹក/អគ្គិសនី និងមុខងារជជែកតាមអ៊ីនធឺណិត៕