(ភ្នំពេញ)៖ សាលាអាយឃីដ នៃកម្មវិធី UCMAS នៅថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២៣ បានរៀបចំការប្រឡងថ្នាក់ជាតិកម្មវិធី UCMAS លើកទី៥ របស់ខ្លួន ដើម្បីជ្រើសរើសកុមារកម្ពុជាឆ្នើមជ័យលាភី គិតលេខរហ័ស ទៅប្រឡងកម្មវិធីប្រកួតគិតលេខរហ័សថ្នាក់អន្តរជាតិ UCMAS INTERNATIONAL COMPETITION លើកទី២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាចុងឆ្នាំ២០២៣ ខាងមុខនេះ។

កម្មវិធីនេះ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពពី លោកបណ្ឌិតសាស្ត្រាចារ្យ ឌីណូ វង្ស ស្ថាបនិក និងជាប្រធាន UCMAS អន្តរជាតិ,លោកស្រី ហេង រចនា អគ្គនាយិកាគ្រប់គ្រងទូទៅ UCMAS កម្ពុជា ម្ចាស់អាជ្ញាប័ណ្ណ ប្រធានសាខា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និង អាណាព្យាបាលសិស្សមកពីគ្រប់សាខាទូទាំងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅ ដឺព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិតសាស្រ្តាចារ្យ ឌីណូ វង្ស ស្ថាបនិកនិងជាប្រធាន UCMAS អន្តរជាតិបានធ្វើការសំណេះសំណាលទៅកាន់ អង្គពិធីទាំងមូលដោយលើកឡើងថា ពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំងព្រោះឆ្នាំ ២០២៣នេះ គឺពិតជាអស្ចារ្យ ដែលបានមកដល់កម្ពុជា ចូលរួមកម្មវិធីប្រឡងនេះ ស្របពេលដែលជាឆ្នាំរបស់ UCMAS នឹងប្រារព្ធពិធីគម្រប់ខួប៣០ ឆ្នាំ សម្រាប់ដំណើរការនៃការបង្រៀនកម្មវីធី UCMAS នៅលើទីផ្សារទូរទាំងពិភពលោក។ ក្នុងនាមជាកម្មវិធីសិក្សាក្រៅម៉ោងដែលឈានមុខគេក្នុងវិស័យអប់រំ។

លោកបណ្ឌិតសាស្រ្តាចារ្យ ឌីណូ វង្ស បានឱ្យដឹងថា នាពេលខាងមុខនេះ កម្មវិធីUCMAS នឹងអនុញ្ញាតឱ្យសិស្សទាំងអស់ប្រើប្រាស់ UCMAS App ជាមួយការស្តេន QR Code ពីសៀភៅសិក្សាតែម្តង។ លោកជឿជាក់ថាកម្មវីធីសិក្សាតាមបែបសម័យបច្ចេវិទ្យាថ្មីនេះនឹងធ្វើ ឱ្យសិស្សកាន់រីករាយជាមួយនឹងការសិក្សារបស់ពួកគេ ខណៈពេលជាមួយគ្នានោះអាណាព្យាបាលសិស្សក៏តាមដានពីលទ្ធផលសិក្សារបស់កូនបានផងដែរ។
ជាមួយគ្នានេះ លោកស្រី ហេង រចនា អគ្គនាយិកា UCMAS ប្រចាំប្រទេសកម្ពុជា បានបន្ដថា ការរៀបចំកម្មវិធីប្រឡងថ្នាក់ជាតិលើកទី៥របស់ UCMAS កម្ពុជានេះ គឺដើម្បីបំផុសគំនិតដល់សិស្សានុសិស្សទាំងអស់ឱ្យបានដឹងថា ពួកគេមិនត្រឹមជាបេក្ខជនប្រឡងទេតែគឺជា Supper Boys and Supper girls ដែលមានន័យថា កុមារ UCMAS ទាំងអស់ គឺជាកុមារដែលសមត្ថភាព ភាពឆ្លាតវៃ និងក្លាហាន គ្រប់ៗគ្នា។

លោកស្រី ហេង រចនា បានបញ្ជាក់ថា ការប្រឡងនេះ គឺមានការចូលរួមពីកុមារដែលជាបេក្ខជនប្រមាណជាង ១,២០០នាក់ ដែលមកពីគ្រប់សាខា UCMAS កម្ពុជាទូទាំងប្រទេស ដែលកម្មវិធីតម្រូវឱ្យប្រកួតប្រជែងទៅលើ ២ វិញ្ញាសា គឺ វិញ្ញាសា សរសេរ និង វិញ្ញាសា មើល និងបែងចែកជា ១១ កម្រិត ផ្សេងៗគ្នា។ សម្រាប់សិស្សចូលរួមប្រឡងកម្មវិធីនេះ នឹងទទួលបានបទពិសោធន៍ថ្មីជាមួយការកម្មវិធីប្រឡងខ្នាតធំលំដាប់ស្តង់ដាជាពិសេសក៏ទទួល បាននូវវិញ្ញាបនបត្រមួយផងដែរ។ ចំពោះសិស្សជ័យលាភីពីកម្មវិធីប្រឡងនឹងទទួលបានជា ពានរង្វាន់ មេដាយជាមួយនឹងទឹកប្រាក់ ព្រមជានឹងការការឧបត្ថម្ភទៅចូលរួមប្រឡងក្នុងកម្មវិធីប្រឡងថ្នាក់អន្តរជាតិ UCMAS INTERNATIONAL COMPETITION លើកទី២៥ ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីផងដែរ។

ជាថ្មីម្ដងទៀត លោកស្រី ហេង រចនា ក៏បានជូនពរបេក្ខជនប្រឡងទាំងអស់ទទួលបានលទ្ធផលល្អគ្រប់ៗគ្នា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់សាខា ដៃគូរសហការ លោកគ្រូ អ្នកគ្រូ និង អាណាព្យាបាលសិស្ស ទាំងអស់ដែលតែងតែគាំទ្រកម្មវិធី UCMAS តែងតែជម្រុញ នឹងលើកទឹកចិត្តកូនៗ សម្រាប់ការសិក្សារបស់ពួកគេ។ ដោយឡែកសម្រាប់បងប្អូនដែលមានកូនតូចៗ នឹងមានចំណាប់អារម្មណ៍ចុះឈ្មោះជាកម្មវិធី UCMAS កម្ពុជាអាចទំនាក់ទំនងសាខាជិតតំបន់លោកអ្នករស់នៅរឺតាមលេខទូរសព្ទ័ 012 21 38 86/ 015 39 40 43៕