(ភ្នំពេញ)៖ លីគកំពូលកម្ពុជា (Cambodian Premier League) បានចាប់ផ្ដើមការប្រកួតរដូវកាលថ្មី ឆ្នាំ២០២៣-២០២៤ ហើយចាប់ពីថ្ងៃទី០៥-០៦ ខែសីហាចុងសប្ដាហ៍កន្លងទៅ ក្រោយសម្រាកអស់រយៈពេល ២៤៥ថ្ងៃ បន្ទាប់ចប់រដូវកាលមុន ដែលភ្នំពេញក្រោនបានគ្រងតំណែងជើងឯក។

ជាមួយការត្រឡប់មកវិញ អមកំណែទម្រង់ថ្មីដែលត្រូវប្រកួតឆ្លងឆ្នាំនេះ ក្រៅពីលទ្ធផលឈ្នះ-ចាញ់ទាំង ៥ប្រកួត ដែលក្រុមម្ចាស់ផ្ទះ ៣ក្រុមឈ្នះ និង ២ក្រុមចាញ់ គឺមានរឿងរ៉ាវ ៦ គួរឲ្យចាប់អារម្មណ៍ សម្រាប់ការប្រកួតសប្ដាហ៍ទី១ នៃលីគរដូវកាលថ្មីនេះរួមមាន៖

១៖ កីឡាករ ១៤រូប រកបាន ១៧គ្រាប់
ការប្រកួតសប្ដាហ៍ទី១ នៃលីគកំពូលកម្ពុជា មានគ្រាប់បាល់កើតឡើងសរុប ១៧គ្រាប់ ដែលរកបានដោយកីឡាករ ១៤រូប ហើយភាគច្រើនជាកីឡាបរទេស ក្នុងនោះមានកីឡាករខ្មែរ ៤រូប គឺព្រៃវែង ឌី ផារ៉ាន់ និង ថា គ្រីយ៉ា រកបានម្នាក់ ១គ្រាប់, កីឡាករណាហ្គាវើលដ៏ ដាវ នីម រកបាន ១គ្រាប់ និងកីឡាករវិសាខា ស៊ិន សុផាណាត់ រកបាន ១គ្រាប់។

២៖ ការប្រកួតមានគ្រាប់បាល់កើតឡើងច្រើនជាងគេ ៩គ្រាប់ ក្នុង ១ប្រកួត
ជំនួបរវាងក្រុមម្ចាស់ផ្ទះព្រៃវែងអេហ្វស៊ី ចាញ់ណាហ្គា ៤-៥ គឺជាប្រកួតមានគ្រាប់បាល់ច្រើនជាងគេ បើធៀបនឹង ៤ប្រកួតផ្សេងទៀត ដែលបូកបញ្ចូលគ្នាមានគ្រាប់បាល់កើតឡើងតែ ៨គ្រាប់ប៉ុណ្ណោះ។

៣៖ កីឡាករកបានគ្រាប់បាល់លឿនជាងគេ
កីឡាករ Cristian Santos របស់ណាហ្គា គឺជាកីឡាកររកបានគ្រាប់បាល់លឿនជាងគេ ដោយប្រើពេលត្រឹមតែ ៣នាទី និង ១១វិនាទី ក្នុងជ័យជម្នះ ៥-៤ លើក្រុមម្ចាស់ផ្ទះព្រៃវែងអេហ្វស៊ី ខណៈមិត្ដរួមក្រុមរបស់គេ កីឡាករ Marcio ឈរលេខរៀងទី២ ដោយប្រើពេល ៤នាទី និង ៥២វិនាទី និងទី៣ កីឡាករ Marcus Haber ប្រើពេល ៥នាទី និង ២១វិនាទី រកបានគ្រាប់ទី១ មុនបន្ថែមគ្រាប់ទី២ នៅនាទី១៣ ជួយព្រះខ័នរាជស្វាយរៀង ឈ្នះ Tiffy Army ២-០។

៤៖ កីឡាករធ្វើបាន Hat-Trick មុនគេ
កីឡាករ Marcio របស់ណាហ្គា គឺជាកីឡាករដំបូងគេ ដែលរកបាន ៣គ្រាប់ម្នាក់ឯង (Hat-Trick) ក្នុងជ័យជម្នះ ៥-៤ លើក្រុមម្ចាស់ផ្ទះព្រៃវែងខាងលើ។

៥៖ អង្គរថាយហ្គឺរ គឺជាក្រុមមុនគេ ដែលចាញ់ក្រុមទើបឡើងមកពីលីគទី២ ISI ដង្កោសែនជ័យ
ក្នុងចំណោមបេក្ខភាពលីគរដូវកាលថ្មី ១០ក្រុម មាន ២ក្រុមទើបឡើងមកពីលីគទី២ គឺ ISI ដង្កោសែនជ័យ និងព្រៃវែងអេហ្វស៊ី ប៉ុន្ដែអ្វីដែលគួរផ្អើល សម្រាប់ប្រកួតបើកឆាក គឺក្រុមចាស់វស្សាអង្គរថាយហ្គឺរ បានបរាជ័យក្រោមថ្វីជើងក្រុម ISI ដង្កោសែនជ័យ ១-០។

៦៖ អ្នកគាំទ្រជាង ១ម៉ឺននាក់ បានទស្សនាផ្ទាល់ការប្រកួតសប្ដាហ៍ទី១
ក្នុងចំណោម ៥ប្រកួត នៅកីឡដ្ឋាន ៥ ផ្សេងគ្នា គឺមានអ្នកទស្សនាផ្ទាល់សរុប ១០,៦១២នាក់ ខណៈភ្នំពេញក្រោន ប៉ះបឹងកេត មានអ្នកទស្សនាច្រើនជាងគេចំនួន ៥,០៧៨នាក់។ វិសាខា ប៉ះគិរីវង់ មានអ្នកទស្សនាផ្ទាល់ ១,៩៥៣នាក់។ ISI ដង្កោសែនជ័យ ប៉ះអង្គរថាយហ្គឺរ អ្នកទស្សនាផ្ទាល់ ១,៦២៤នាក់។ ព្រៃវែងអេហ្វស៊ី ប៉ះណាហ្គា អ្នកទស្សនាផ្ទាល់ ១,០២៦នាក់ និង Tiffy Army ប៉ះព្រះខ័នរាជស្វាយរៀង អ្នកទស្សនាផ្ទាល់ ៩៣១នាក់៕