(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល រៀបចំកម្មវិធីបរិច្ចាគឈាមសង្គ្រោះជីវិត ដោយទទួលបានអ្នកបរិច្ចាគជាបុគ្គលិកមកពីគ្រប់ពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង ផ្ទាល់ និងសាធារណជន សរុបចំនួន ១៧២ នាក់ នៅ ៣ ទីតាំងផ្សេងគ្នា គឺផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គ៉ា ម៉ល, ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ និង ធនាគារ ជីប ម៉ុង។

លោក ទៀង សុភៈវិជ្ជា ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន ជីប ម៉ុង បាននិយាយថា នេះជាមោទនភាពមួយ ដែលបានឃើញមានការចូលរួមយ៉ាងសកម្មរបស់បុគ្គលិក ក្រុមហ៊ុន ជីប ម៉ុង ក៏ដូចជាសាធារណជនជាច្រើននាក់ ដែលនេះបានសបញ្ជាក់យ៉ាងច្បាស់ពីកាយវិការមនុស្សធម៌ដ៏ប្រពៃ និងស្មារតីសហគមន៍របស់ប្រជាពលរដ្ឋរបស់យើង ស្ម័គ្រចិត្តរួមគ្នាដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។

លោកក៏បានបន្តថា លើសពីការរៀបចំឲ្យប្រជាជនអាចផ្ដល់អំណោយឈាម ក្រុមហ៊ុន ជីប ម៉ុង ក៏រីករាយដែលបានចូលរួមផ្សព្វផ្សាយការយល់ដឹង ពីសារសំខាន់នៃការផ្ដល់ឈាមឲ្យកាន់តែជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់រូប រួមទាំងបណ្ដុះស្មារតីរបស់បងប្អូនប្រជាពលរដ្ឋយើង ឲ្យចេះសហការគ្នាជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ក៏ដូចជាជួយបំពេញ និងរក្សានិរន្តរភាពនៃស្ដុកឈាមនៅតាមមន្ទីរពេទ្យនានាផងដែរ។

អ្នកបរិច្ចាគឈាម កញ្ញា ធុល លក្ខិណា ដែលជាបុគ្គលិករបស់ក្រុមហ៊ុន ជីប ម៉ុង បានមានមតិថា កញ្ញា ពិតជាមានការសាទរយ៉ាងខ្លាំង ដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ដើម្បីសង្គមនេះ ហើយកញ្ញា សំណូមពរឱ្យក្រុមហ៊ុននៅតែបន្តធ្វើលើការងារនេះ និងសូមឱ្យបុគ្គលិក និងសាធារណជនបានចូលរួមកាន់តែច្រើនថែមទៀត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង និងពាណិជ្ជកម្មរបស់ខ្លួន តែងរៀបចំកម្មវិធីបរិច្ចាគឈាមជារៀងរាល់ឆ្នាំ ដោយកាលពីដើមឆ្នាំ ២០២៣ ក្រុមហ៊ុនបានសហការរៀបចំកិច្ចបរិច្ចាគឈាមដោយទទួលបានការចូលរួមប្រមាណជាង ២០០ នាក់ ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ដល់អ្នកជំងឺដែលកំពុងត្រូវការឈាមសង្គ្រោះបន្ទាន់នៅគ្រប់មន្ទីរពេទ្យទាំងអស់៕