(បរទេស)៖ ភាពយន្តនិយាយពីតុក្កតា «Barbie» ដែលជាស្នាដៃដឹកនាំរបស់តារាសម្ដែង និងផលិតករស្រី Greta Gerwig (ក្រេតថា ហ្គើវីក) ត្រូវបានរាយការណ៍ថា ការលក់សំបុត្របានកើនឡើងដល់ ១ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក និងទូទាំងពិភពលោក ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងកាលពីជាង២សប្តាហ៍មុន ដោយផលិតកម្ម Warner Bros។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ Warner Bros បាននិយាយថា ភាពយន្តនេះរកចំណូលបាន ៤៥៩លានដុល្លារពីការបញ្ចាំងក្នុងស្រុក និងជាង៥៧២លានដុល្លារ ពីការចាក់បញ្ចាំងក្រៅស្រុក ដែលធ្វើឲ្យចំណូលសរុបកើនឡើងដល់ ១.៣១៥ លានដុល្លារ។ តួលេខនេះត្រូវបានបញ្ជាក់ដោយក្រុមហ៊ុនវិភាគប្រព័ន្ធផ្សព្វផ្សាយ Comscore។

គួរជម្រាបថា តាមរយៈការទទួលបានចំណូលច្រើន លើសការរំពឹងទុកបែបនេះ បានធ្វើឲ្យ «Barbie» អាចកាន់កាប់កំណត់ត្រាជាច្រើនដូចជា ជាភាពយន្តដឹកនាំដោយអ្នកដឹកនាំជាស្រ្តី ដែលអាចរកចំណូលនៅសប្ដាហ៍ដំបូងបានច្រើនបំផុត និងជាភាពយន្តរកចំណូលនៅសប្ដាហ៍ដំបូងបានច្រើនបំផុត ប្រចាំឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិក ដោយអាចវ៉ាដាច់ភាពយន្តធំៗផ្សេងៗទៀត ដែលចេញក្នុងឆ្នាំនេះដូចជា The Super Mario, Spider-Man: Across the Spider-Verse និង Guardians of the Galaxy វគ្គ៣៕