(ស៊ីដនី)៖ នៅទីបំផុតមហិច្ឆតាលើកពានបាល់ទាត់ស្រ្តីពិភពលោក Women’s World Cup ៣សម័យកាលជាប់ៗគ្នា របស់ស្រ្តីសហរដ្ឋអាមេរិក ត្រូវបានរលាយសាបសូន្យ នៅពេលពួកគេបានប្រកួតចាញ់គូប្រជែងស្រ្តីស៊ុយអែត ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។

ស្រ្តីអាមេរិក ដែលជាជើងឯក Women’s World Cup នៅឆ្នាំ២០១៥ និងឆ្នាំ២០១៩ នោះ បានហាលអាវត្រឹមវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីប្រកួតចាញ់ក្រុមខ្លាំងនៅអឺរ៉ុប ស្រ្តីស៊ុយអែតដោយបាល់ប៉េណាល់ទី ៥ទល់នឹង៤ ដ្បិតប្រកួត ១២០នាទីទាំងម៉ោងថែម បានរក្សាលទ្ធផលស្មើគ្នា ០-០ ក្នុងកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Melbourne ប្រទេសអូស្រ្តាលីនារាត្រីថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០២៣។

ទន្ទឹមគ្នានោះដែរ ពួកគេក៏បានបរាជ័យក្នុងការស្វែងរកជ័យជម្នះ ៣លើកក្នុងកម្មវិធី ៤ឆ្នាំម្តងជាលើកដំបូងផងដែរ ដ្បិតទើបតែបាន ៤ប្រកួតប៉ុណ្ណោះ ត្រូវត្រឡប់ទៅវិញបែបនេះ ក្នុងនាមជាក្រុមធ្លាប់ឈ្នះជើងឯក Women’s World Cup បាន ៤លើកច្រើនជាងគេផងដែរ គិតចាប់តាំងពីឆ្នាំ១៩៩១ មក និងក៏ជាលើកដំបូងដែលអាមេរិកពុំដែលទទួលបានចំណាត់ថ្នាក់ទាបជាងលេខ៣ នោះទេ។

គិតមកទល់ពេលនេះ Women’s World Cup 2023 លើកទី៩ រកបាន ៤ក្រុមហើយឡើងទៅវគ្គ ៨ក្រុមរួមមាន ស្រ្តីជប៉ុន ប៉ះស៊ុយអែត និងអេស្ប៉ាញ ប៉ះហូឡង់ ដោយរង់ចាំ ៤ក្រុមប្រកួតបញ្ចប់វគ្គ ១៦ក្រុមជាបន្តបន្ទាប់៕