(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានក្លាយជាជើងឯកពានរង្វាន់បើករដូវកាលលីគអង់គ្លេស FA Community Shield ប្រចាំឆ្នាំ២០២៣ ក្រោយពេលយកឈ្នះគូប្រជែង Manchester City ដោយបាល់ប៉េណាល់ទីកាត់សេចក្តីនៅរាត្រីថ្ងៃអាទិត្យ។

នេះជាកំណត់ត្រាឈ្នះពាន FA Community Shield លើកទី១៧ របស់កាំភ្លើងធំ បន្តឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាងជើងឯកពានប្រចាំឆ្នាំនេះដដែល នៅពេល Manchester United ឈ្នះបាន ២១លើកច្រើនជាងគេ និងមេឃខៀវ Manchester City ធ្លាប់បាន ៦ដងដែរ។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Wembley ដោយមានអ្នកទស្សនាផ្ទាល់ប្រមាណជាង ៨ម៉ឺននាក់ផងនោះ សមាជិកក្រុមលេងនៅលីគ Premier League ដូចគ្នាធ្វើបាន ១គ្រាប់ស្មើគ្នាដោយកីឡាករ Palmer និង Trossard នៃម៉ោងធម្មតា ៩០នាទី ដ្បិតពុំមានការថែមម៉ោង ១៥នាទីឡើយ។

ជាលទ្ធផលក្នុងការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តី ក្រុមរបស់លោក Mikel Arteta ធ្វើបានសម្រេច ៤គ្រាប់ គ្រាដែល Man City ដែលមានលោក Pep Guardiola ដឹកនាំនោះ ទាត់ចូលតែ ១គ្រាប់ប៉ុណ្ណោះដោយកីឡាករ Bernado Silva ខុសពីមិត្តរួមក្រុម Kevin de Bruyne និង Rodri ស៊ុតបរាជ័យ៕