(ភ្នំពេញ)៖ សាលាអន្តរជាតិប៉េកាំង នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំពិធីបើកបវេសនាកាល ឆ្នាំសិក្សាថ្មី ២០២៣-២០២៤ និងប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ព្រមទាំងប្រគល់មេដៃមាស ប្រាក់ និងសំរិទ្ធ ដល់ជយលាភីប្រចាំឆ្នាំសិក្សា ២០២២-២០២៣ របស់សាលាអន្តរជាតិប៉េកាំង។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ជា ជាតិ អនុរដ្ឋលេខធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា, លោកស្រី លីវ ណា នាយិកា សាលាអន្តរជាតិប៉េកាំង ព្រមទាំងលោកស្រី លោកគ្រូ អ្នកគ្រូ បុគ្គលិក អាណាព្យាបាល និងប្អូនៗសិស្សានុសិស្សជាច្រើនកុះករ។

នាឱកាសនោះដែរ តាំងនាមរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេតេជោ ហ៊ុន សែន ជាប្រមុខ, លោក ជា ជាតិ បានថ្លែងថា សម្តេចតេជោ តែងតែបានចូលរួមដោះស្រាយបញ្ហាប្រទេសជាតិគ្រប់វិស័យដោយមិនខ្លាចការនឿយហត់សោះឡើយ ក្នុងនោះវិស័យអប់រំ ចាត់ជាវិស័យស្នូលដែលត្រូវយកចិត្តទុកដាក់បំផុតនៅអាណត្តិរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ននេះក៏ដូចជាអាណត្តិខាងមុខ។ ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការមួយរបស់រាជរដ្ឋាភិបាល មានតួនាទីដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានចំណេះដឹង ចំណេះធ្វើ ជំនាញពិតប្រាកដ សេចក្តីថ្លៃថ្នូរ ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ និងមានវិសាលភាពគ្របដណ្តប់គ្រប់ទីកន្លែងទូរទាំងប្រទេសកម្ពុជា ដើម្បីរួមចំណែកក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ ប្រទេសឱ្យដូចបណ្តាប្រទេសជឿនលឿននានានៅលើសកលលោក។

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ក៏សូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកស្រីនាយិកា ថ្នាក់គ្រប់គ្រងគ្រប់លំដាប់ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ដែលបានតស៊ូយ៉ាងស្វិតស្វាញធ្វើការងារក្នុងវិស័យអប់រំជាមួយគ្នាទាំងក្នុងស្រុក និងការខិតខំស្វែងរកដៃគូសហការជាលក្ខណៈអន្តរជាតិដើម្បីឧត្តមប្រយោជន៍នៃកុមារ និងយុវជនកម្ពុជាអាចបន្តការសិក្សា ឬផ្លាស់ប្តូរបទពិសោធន៍នៅក្រៅប្រទេសបាន។

បើតាមលោកស្រី លីវ ណា នាយិកាសាលាអន្តរជាតិ ប៉េកាំង បានថ្លែងថា សាលាអន្តរជាតិ ប៉េកាំង គឺជាគ្រឹះស្ថានចំណេះទូទៅឯកជនបីភាសា ខ្មែរ ចិន និងអង់គ្លេស ដែលបានទទួលស្គាល់ជាផ្លូវការតាមប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡាលេខ ៧០១ អយ.ប្រក ចុះថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៣ និងបានស្នើបន្តសុពលភាពឡើងវិញលេខ៧៨៦២ អយក .ប្រក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។

ដោយមានការគាំទ្រ និងជឿជាក់លើគុណភាពបណ្តុះបណ្តាលនៅសាលាអន្តរជាតិ ប៉េកាំង លោក លោកស្រី អាណាព្យាបាលសិស្សបានមកធ្វើការចុះឈ្មោះឱ្យបុត្រធីតាចូលរៀនយ៉ាងច្រើនកុះករនាពេលបច្ចុប្បន្ននេះ។ ឆ្លើយតបទៅនឹងកំណើនសិស្សយ៉ាងច្រើននេះ គណៈគ្រប់ គ្រងសាលាក៏សម្រេចបង្កើតទីតាំងបន្ថែមទៀតជាបន្តបន្ទាប់ទៅរហូតមានចំនួន៧ទីតាំងដូចខាងក្រោម៖

ទី៖ សាខាកណ្ដាល អគារលេខ៨ ផ្លូវ២៩៨ កែងផ្លូវ១៨៩ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង
ទី៖ សាខាទួលគោក អគារលេខ១៤ អា ផ្លូវ២៨១ សង្កាត់បឹងកក់២  ខណ្ឌទួលគោក
ទី៖ សាខាមត្តេយ្យទូលគោក អគារលេខ៩៥អា ផ្លូវ៥៩២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក
ទី៤៖ សាខាអូឡាំព្យា អគារលេខ២៦ ផ្លូវ៣៣៦ សង្កាត់វាលវង់ ខណ្ឌ៧មករា
ទី៥៖ សាខាច្បារអំពៅ អគារលេខ១ ផ្លូវបេតុង សង្កាត់និរោធិ៍ ខណ្ឌច្បារអំពៅ
ទី៦៖ សាខាក្រុងតាខ្មៅ អគារលេខ២១ ផ្លូវ២១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល
និងទី៧៖ សាខាបាត់ដំបង ស្ថិតនៅអគារ អតីតសណ្ឋាគារតៃអូ ផ្លូវលេខ៣ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

  ឆ្លៀតក្នុងឱកាសនេះ នាយិកាសាលាបានបញ្ជាក់ផងដែរថា សាលាអន្តរជាតិ ប៉េកាំង មានកម្មវិធីចំណេះទូទៅ៣ ភាសា ខ្មែរ ចិន អង់គ្លេស ចាប់ពីកម្រិតមត្តេយ្យដល់ថ្នាក់ទី១២ និងថ្នាក់ភាសាចិនពេញម៉ោង ក្រៅម៉ោង វគ្គចន្ទ-សុក្រ និងវគ្គសៅរ៍-អាទិត្យ។ បច្ចុប្បន្ននេះ សាលាបាននឹងកំពុងកំណែទម្រង់និងធ្វើទំនើបកម្ម ទៅលើកម្មវិធីសិក្សា ការគ្រប់គ្រងរដ្ឋបាល បច្ចេកទេសបង្រៀន និងសម្ភារៈរូបវន្តដើម្បីឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ននេះ ដើម្បីធានាបានស្ដង់ដារជាតិ និងអន្តរជាតិ៕