(សៀមរាប)៖ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋលើពិភពលោក ពិសេសពលរដ្ឋអាមេរិក មកលេងកម្សាន្ដ និងទស្សនាសម្បត្តិវប្បធម៌នានានៅកម្ពុជា។

ការលើកឡើងនេះ បន្ទាប់ពីលោកបានចូលរួមរត់លើវិញ្ញាសា ១០គីឡូម៉ែត្រ ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៨ នៅតំបន់អង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ នេះ ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។

ឯកអគ្គរដ្ឋទូតអាមេរិក បានគូសបញ្ជាក់ថា លោកចូលចិត្តរត់ហាត់ប្រាណនៅកម្ពុជា ពោលគឺលោកតែងរត់ហាត់ប្រាណរៀងរាល់ព្រឹក ហើយរាល់ពេលមានកម្មវិធីរត់ម៉ារ៉ាតុង ឬពាក់កណ្ដាលម៉ារ៉ាតុង លោកតែចូលរួម ជាក់ស្ដែងទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរ លោកបានដឹកនាំបុគ្គលិកមកពីស្ថានទូតជាង ២០នាក់ចូលរួម។

លោក W.Patrick Murphy បន្ដថា «ព្រឹត្តិការណ៍ម៉ារ៉ាតុងនេះ គឺអស្ចារ្យមែនទែន ហើយមានបុគ្គលិកមកពីស្ថានទូតចូលរួមរត់ជាង ២០នាក់ ។ ការចូលរួមនេះ មិនត្រឹមតែដើម្បីសុខភាព តែក៏ជួយដល់សេដ្ឋកិច្ច បានទស្សនាសម្បត្តិវប្បធម៌ក្នុងខេត្តសៀមរាប ហើយអ្វីដែលពិសេស កម្មវិធីរត់នេះ ក៏បានប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារផងដែរ»

លោកបន្ថែមថា «ចំពោះប្រទេសកម្ពុជា មានប្រាសាទជាសម្បត្តិបេតិកភណ្ឌពិភពលោកច្រើនមែនទែន ។ អ៊ីចឹងប្រជាជនលើពិភពលោកគួរតែមកទស្សនាប្រាសាទទាំងអស់ហ្នឹង ហើយស្ថានទូតអាមេរិក ក៏បានជួយឧបត្ថម្ភកសាងប្រសាទជាច្រើន និងបានប្រគល់ត្រឡប់មកវិញនូវវត្ថុបុរាណជាច្រើនដែរ ។ ឆ្លៀតឱកាសនោះ ខ្ញុំក៏សូមអបអរសាទរខួបលើកទី១៥ នៃការដាក់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ។ ខ្ញុំសូមលើកទឹកចិត្តឲ្យប្រជាជនអាមេរិកចូលរួមទស្សនាប្រទេសកម្ពុជា ក៏ដូចជាចូលរួមរត់ និងជិះកង់ ពិសេសដើម្បីបានទស្សនាសម្បត្តិវប្បធម៌របស់ប្រទេសកម្ពុជា»

គួរដឹងថា នេះជាលើកទី៣ ហើយ ដែលោក W.Patrick Murphy បានចូលរួមរត់ម៉ារ៉ាតុង និងពាក់កណ្ដាលម៉ារ៉ាតុង លើទឹកដីអង្គរ ខេត្តសៀមរាប។ ប៉ុន្ដែអ្វីដែលលោកសប្បាយរីករាយ គឺការចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរឆ្នាំនេះ លោកបានបំបែកកំណត់ត្រាសិទ្ធផលចាស់របស់ខ្លួន ហើយលោកសង្ឃឹមថា នឹងអាចបន្ដចូលរួមជាលើកទី៤ ក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ នាខែធ្នូ ឆ្នាំ២០២៣ ខាងមុខផងដែរ៕