(មេនឆេស្ទើ)៖ ខ្សែការពារសញ្ជាតិក្រូអាត Josko Gvardiol បានចូលរួមជាមួយក្លិបមេឃខៀវ Manchester City ដោយផ្ទេរមកពី RB Leipzip ដែលលេងនៅលីគ Bundesliga លើកិច្ចសន្យរយៈពេល ៥ឆ្នាំ។ នេះបើតាមការប្រកាសពីក្លិបដណ្តើមបានពានរង្វាន់៣ ក្នុងរដូវកាលតែមួយ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានឲ្យដឹងថា Gvardiol មានតម្លៃផ្ទេរចំនួន ៩០លានអឺរ៉ូ (៩៩លានដុល្លារ) ធ្វើឲ្យកីឡាករវ័យ ២១ឆ្នាំរូបនេះ ក្លាយជាខ្សែការពារដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតលំដាប់ទី២ ក្នុងប្រវត្តិសាស្ត្រឈរនៅពីក្រោយកីឡាករ Harry Maguire ដែលបានចុះកិច្ចសន្យាតម្លៃ ៨០លានផោន (១០១.៩៨លានដុល្លារ) ដោយក្លិប Manchester United កាលពីឆ្នាំ២០១៩។

Gvardiol គឺជាកីឡាករទី២ ដែលបានចុះកិច្ចសន្យាចូលរួមជាមួយក្លិបដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Pep Guardiola ក្នុងរដូវកាលដោះដូរកីឡាករនេះ បន្ទាប់ពីការទៅដល់របស់ខ្សែបម្រើក្រូអាត Mateo Kovacic ផ្លាស់មកពីក្លិបរួមលីគតោខៀវ Chelsea។

Gvardiol បានចូលរួមជាមួយ RB Leipzig ផ្ទេរមកពីក្លិប Dinamo Zagreb ក្នុងឆ្នាំ២០២០ និងបានបង្ហាញខ្លួន ៨៧លើក ក្នុងការប្រកួតទាំងអស់សម្រាប់ក្លិប Leipzig ចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០២១ ដោយបានជួយក្លិបនេះឈ្នះពានរង្វាន់ German Cup ជាលើកដំបូងរបស់ពួកគេ និងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Europa League ផងដែរ។

Leipzig បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ នៅ Bundesliga កាលពីរដូវកាលមុន។ កីឡាករ Gvardiol ដែលទទួលបានការកោះហៅ ២១លើក លេងឲ្យក្រុមជម្រើសជាតិក្រូអាត និងបានជួយក្រូអាត បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ នៅព្រឹត្តិការណ៍ 2022 World Cup នោះ គឺជាកីឡាករមានភាពល្បីឈ្មោះថ្មីចុងក្រោយ ដែលបានចាកចេញពីក្លិប៕