(ឡុងដ៍)៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានសម្រេចការចុះកិច្ចសន្យានាំយកកីឡាករយុវជនអន្តរជាតិអង់គ្លេស Ash Phillips មកពីក្លិប Balckburn។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣។

Phillips ដែលមានវ័យ ១៨ឆ្នាំ បានបង្ហាញខ្លួន ៨ប្រកួតនៅ Blackburn ក្នុងក្របខណ្ឌទី២ Championship កាលពីរដូវកាលមុន មុនពេលផ្ទេរមកក្លិប Spurs ក្នុងតម្លៃខ្លួន ២លានផោន។

ខ្សែការពារកណ្តាលរូបនេះ ខិតជិតបានចូលរួមជាមួយ Spurs ម្តងរួចមកហើយកាលពីខែមុន មុនពេលការចរចារវាងក្លិបទាំងពីរត្រូវបានជាប់គាំង ប៉ុន្តែឥឡូវនេះ លោកបានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្លិបដែលលេងនៅ Premier League នេះ។

កីឡាករវ័យជំទង់រូបនេះ បានចុះកិច្ចសន្យាលេងជាអាជីពជាលើកដំបូងរបស់លោកជាមួយ Blackburn និងបានលេង ១៤លើកក្នុងការប្រកួតទាំងអស់ កាលពីរដូវកាលមុន ស្ថិតក្រោមការដឹកនាំរបស់លោក Jon Dahl Tomasson៕