(សៀមរាប)៖ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៨ បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ នៅតំបន់អង្គរ ខេត្តសៀមរាប ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ខណៈលោកបានចាត់ទុកកំណើនអ្នកចូលរួម គឺជាសញ្ញាណដ៏ល្អ ក្រោយព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការបោះឆ្នោតថ្នាក់ជាតិកាលពីថ្មីៗ ដែលបង្ហាញពីសន្ដិភាព និងស្ថេរភាពដ៏ពេញលេញរបស់កម្ពុជា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា ព្រឹត្តិការណ៍ម៉ារ៉ាតុង ឬ Full Marathon ឆ្នាំនេះ មានអ្នកចូលរួមសរុប ២,៥១១នាក់ មកពី ៤៥ប្រទេស ក្នុងនោះមានកីឡាករ-កីឡាការិនីបរទេសដែលចូលរួមច្រើនជាងគេ គឺមានវៀតណាម ឈរលេខ១ ចិន ឈរលេខ២ និងជប៉ុន ឈរលេខ៣។ បើធៀបកាលពីឆ្នាំមុន ដែលជាការរៀបចំឡើងវិញលើកដំបូង ក្រោយវិបត្តិកូវីដ-១៩ គឺមានកការកើនឡើងទ្វេដង គ្រាដែលបរទេសចូលរួមភាគច្រើនជាជនបរទេសប្រកបការងារនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។

លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ដែរថា ទោះបី Full Marathon ពុំសូវមានអ្នកចូលរួមច្រើន ដូចព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុង តែយ៉ាងណាការរៀបចំលើកទី២ ក្រោយដំណាក់កាលកូវីដ-១៩ នេះ កីឡាករ-កីឡាការិនី ទាំងជាតិ និងអន្ដរជាតិ មានភាពសប្បាយរីករាយក្នុងការចូលរួមច្រើន ហើយដល់ជាង ២,៥០០នាក់។ លោកថា «ខ្ញុំឃើញបងប្អូនមានភាពសប្បាយរីករាយ ពិសេសក្រោយការបោះឆ្នោតផង គឺប្រកបដោយការរីករាយ គួរផ្សំនូវអ្វីដែលជាជោគជ័យ នៃការបោះឆ្នោតជូនគណបក្សប្រជាជនកន្លងមកនេះ»

លោករដ្ឋមន្ដ្រីបន្ដថា «កាលពិតយើងបានមើលឃើញសន្ដិភាព និងស្ថេរភាពជានិរន្ដរបស់ប្រទេសជាតិ ហើយមិនមែនមានតែនៅកន្លែងណាឡើយ ពោលគឺមានទូទាំងប្រទេស ពិសេសនៅតំបន់អង្គរ ជាតំបន់ពោរពេញដោយការរៀបចំបានល្អពីសំណាក់អាជ្ញាធរអប្សរា លោកមានការខិតខំប្រឹងប្រែងច្រើន អាចថា ជាកន្លែងមួយ មិនសម្រាប់តែប្រជាជនក្នុងប្រទេសទេ ភ្ញៀវបរទេសក៏ចាប់អារម្មណ៍ច្រើនដែរ មកសម្រាកលំហែ និងលេងកីឡានៅទីនេះ។ អ្វីធំបំផុត គឺបញ្ជាក់ឲ្យឃើញថា កម្ពុជាពិតជាប្រទេសមានសុខសន្ដិភាពពេញលេញ និងស្ថេរភាពបរិបូរណ៍»

ទិវារត់ប្រណាំងម៉ារ៉ាតុង ចក្រភពខ្មែរ គឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍មួយ ក្នុងផែនការយុទ្ធសាស្ដ្ររបស់លោករដ្ឋមន្ដ្រី ដើម្បីជំរុញការធ្វើពិពិតកម្មកីឡាទេសចរណ៍ឲ្យមានភាពសម្បូរបែប និងជំរុញកំណើនទេសចរណ៍ តាមគោលដៅទេសចរណ៍សំខាន់ៗ ពិសេសនៅខេត្តសៀមរាប ក៏ដូចជានៅក្នុងរដូវភ្លៀង ឬរដូវ Green Season តែម្ដង។ ទោះបីពិភពលោក ទើបងើបពីវិបត្តិកូវីដ-១៩ ក៏ដូចជាកំពុងរង់ប៉ះពាល់ដោយសារសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី តែកម្ពុជារំពឹងថា ឆ្នាំ២០២៣ នេះ នឹងទទួលបានទេសចរណ៍អន្ដរជាតិ ៥លាននាក់ ហើយនឹងឈានដល់ ៧លាននាក់ នៅឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត ថោង ខុន៕