(សៀមរាប)៖ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៨ (8th Khmer Empire Marathon 2023) នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ នៅតំបន់អង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខណៈមានអ្នកចូលរួមរត់ប្រមាណ ២,៥០០នាក់ មកពី ៤៥ប្រទេស ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានឲ្យដឹងថា ក្នុងចំណោមអត្តពលិកទាំងអស់ គឺមានអ្នករត់បរទេសជាង ៥០០នាក់ មកពី ៤៥ប្រទេស ហើយប្រទេសមានកីឡាករ-កីឡាការិនីចូលរួមច្រើនជាងគេ គឺមានវៀតណាម ឈរលេខ១ ចិន ឈរលេខ២ និងជប៉ុន ឈរលេខ៣ ។

លោកបន្ដថា ក្រៅពីអត្តពលិកជាតិ-អន្ដរជាតិ ក៏នឹងមានការអញ្ជើញចូលរួមពីសំណាក់លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា ព្រមទាំងប្រតិភូកីឡាមកពីខេត្ត Hunan ប្រទេសចិន ចូលរួមពិនិត្យ សង្កេតការណ៍ និងត្រៀមរៀបចំអ្នករត់ពីចិន រាប់ពាន់នាក់ សម្រាប់ចូលរួមទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ នៅអង្គរវត្ត នាខែធ្នូ ចុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ខាងមុខផងដែរ ។

គួរដឹងថា ក្រោមការចង្អុលបង្ហាញរបស់លោករដ្ឋមន្ដ្រី ថោង ខុន តែងដាក់ចេញនូវផែនការយុទ្ធសាស្ដ្រធ្វើពិពិតកម្មកីឡាទេចរណ៍ឲ្យមានភាពសម្បូរបែប ដើម្បីជំរុញកំណើនទេសចរណ៍ តាមគោលដៅទេសចរណ៍សំខាន់ៗ ពិសេសនៅខេត្តសៀមរាបតែម្ដង ។ ចំពោះទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរនេះដែរ គឺជាព្រឹត្តិការណ៍អន្ដរជាតិដ៏ធំមួយ ដែលរៀបចំឡើង ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីថ្មីៗកន្លងទៅ ៕