(បរទេស)៖ ថ្មីៗនេះដ្ឋាភិបាលឥណ្ឌា បានចេញសេចក្តីជូនដំណឹងថ្មីមួយដែលដាក់កម្រិតលើការនាំចូលកុំព្យូទ័រយួរដៃ ថេប្លេត (Tablet) និងកុំព្យូទ័រលើតុ (PCs) ដល់ក្រុមហ៊ុនទាំងអស់ដែលផលិតប្រភេទ HSN 8741 ត្រូវតែមានអាជ្ញាប័ណ្ណត្រឹមត្រូវសម្រាប់ការនាំចូល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។

គោលនយោបាយថ្មីនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម «Make in India» របស់រដ្ឋាភិបាលឥណ្ឌា ដែលមានគោលបំណងជំរុញការផលិតក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ ចំពោះការជូនដំណឹងនេះនឹងតម្រូវឱ្យក្រុមហ៊ុនដែលនាំចូលផលិតផលទាំងអស់ត្រូវមានអាជ្ញាប័ណ្ណត្រឹមត្រូវសម្រាប់ការឧបករណ៍ដែលបានកំណត់ខាងលើ ប៉ុន្តែមិនអនុវត្តចំពោះអ្នកដំណើរនោះទេ។

យ៉ាងណាមិញ ក្រោយការជូនដំណឹងនេះត្រូវបានគេរំពឹងថា ទំនងជាមានឥទ្ធិពលខ្លាំងលើទីផ្សារកុំព្យូទ័រឥណ្ឌា ពិសេសគឺទាក់ទងនឹងការកើនឡើងតម្លៃ ដែលវាអាចនឹងកើនឡើងខ្ពស់សម្រាប់កុំព្យូទ័រយួរដៃ និងថេប្លេតដែលនាំចូល។ ម្យ៉ាងទៀតសម្រាប់កុំព្យូទ័រថ្មីៗ ដែលនាំចូលពីបរទេសអាចនឹងត្រូវចំណាយពេលវេលារង់ចាំយូរទម្រាំតែទទួលបានការអនុម័តពីរដ្ឋាភិបាលឥណ្ឌា។

គួរជម្រាបដែរថា ក្រុមហ៊ុនចំនួន ៣ដែលគេរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ខ្ពស់ពីគោលនយោបាយនេះរួមមាន Dell, HP និង Lenovo ដែលបច្ចុប្បន្នមានមជ្ឈមណ្ឌផលិតនៅទីនោះស្រាប់ ហើយប្រសិនបើច្បាប់នេះចូលជាធរមានពិតមាននាពេលខាងមុខក្រុមហ៊ុនទាំងនេះអាចនឹងទទួលបានចំណែកទីផ្សារច្រើននៅប្រទេសឥណ្ឌា៕