(ឡុងដ៍)៖ ក្លិបតោខៀវ Chelsea បានចុះហត្ថលេខានាំយកខ្សែការពារកណ្តាលសញ្ជាតិបារាំង Axel Disasi មកពីក្លិប AS Monaco លេងនៅ Ligue 1 លើកិច្ចសន្យារយៈពេល ៦ឆ្នាំ។ នេះបើតាមការប្រកាសពីក្លិបលេងនៅ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៥​ ខែសីហា ឆ្នាំ២០២៣។

កីឡាករវ័យ ២៥ឆ្នាំ ដែលនឹងចូលរួមជាមួយនឹងក្លិបម្ចាស់កីឡដ្ឋាន Stamford Bridge រូបនេះមានតម្លៃផ្ទេរប្រមាណ ៤៥លានអឺរ៉ូ (៤៩.២៣លានដុល្លារ)។

Disasi បានទទួលការកោះហៅចំនួន ៤លើកលេងឲ្យក្រុមជម្រើសជាតិមាន់គកបារាំង និងបានបង្ហាញខ្លួន ១៣០លើកក្នុងលីគកំពូលបារាំង Ligue 1 ដែរ។

​គួរជម្រាបថា Chelsea បាននឹងកំពុងខិតខំដើម្បីស្តារឡើងវិញ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Mauricio Pochettino បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១២ ក្នុងតារាង Premier League កាលពីរដូវកាលមុន ជាប្រវត្តិដ៏អាក្រក់បំផុតរបស់ពួកគេគិតចាប់តាំងពីឆ្នាំ១៩៩៤ មក៕