(ឡុងដ៍)៖ អ្នកចាត់ការទូទៅ Mikel Arteta របស់ក្លិបកាំភ្លើងធំ Arsenal មានជំនឿចិត្តថា ខ្សែប្រយុទ្ធ Gabriel Jesus នឹងមិនខកខានការប្រកួតច្រើននោះទេ នៃរដូវកាលថ្មី ខណៈលោកបានផ្តល់ការព្យាករណ៍ដំបូងជាវិជ្ជមានទៅលើការវះកាត់ជង្គង់របស់គេ។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។

កីឡាករអន្តរជាតិប្រេស៊ីលរូបនេះបានទទួលការវះកាត់កាលពីថ្ងៃពុធ បន្ទាប់ពីមានប្រតិកម្មរលាក ក្រោយពីការវះកាត់កម្រិតធ្ងន់ធ្ងរជាងនេះ ដើម្បីព្យាបាលរបួស ដែលបានកើតឡើងនៅក្នុងព្រឹត្តិការណ៍ World Cup 2022។

Jesus បានចំណាយពេល ៣ខែ អវត្តមានពីការប្រកួត ដើម្បីវះកាត់នារដូវកាលមុន ខណៈក្លិបកាំភ្លើងធំបានបាត់បង់តំណែងកំពូលតារាង ក្នុងការដណ្តើមពានរង្វាន់ Premier League របស់ពួកគេដែរ។

ដោយបានអវត្តមាន​ក្នុងការប្រជែងពាន Emirates Cup កាលពីយប់ថ្ងៃពុធ ប៉ះក្រុម Monaco កីឡាករ Jesus ក៏នឹងអវត្តមាននៅក្នុងការចាប់ផ្តើមយុទ្ធនាការថ្មី ក្នុងនោះរួមទាំងការប្រកួតដណ្តើមពានបើករដូវកាល FA Community Shield ទល់នឹងក្រុម Manchester City នារាត្រីថ្ងៃអាទិត្យផងដែរ៕