(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានក្ដីរីករាយចូលរួមអបអរសាទរ និងកោតសរសើរជាថ្មីម្ដងទៀត ចំពោះកីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបន្តរួមចំណែកលើកតម្កើងកិត្យានុភាពជាតិលើឆាកអន្តរជាតិ តាមរយៈការបន្តទទួលបានលទ្ធផលគួរជាទីមោទកក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក (World Police & Fire Games) នៅប្រទេសកាណាដា។

ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបន្តធ្វើសេចក្ដីរាយការណ៍តជូនសម្ដេចក្រឡាហោម ពីប្រទេសកាណាដាមកថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ អត្តពលិកក្រសួងមហាផ្ទៃកម្ពុជា ទទួលបានមេដាយសរុបចំនួន ៦០គ្រឿង ក្នុងនោះមេដាយមាសចំនួន ២៤ មេដាយប្រាក់ចំនួន ២៧ និងមេដាយសំរឹទ្ធចំនួន ៩គ្រឿង។

ប្រតិភូកីឡាក្រសួងមហាផ្ទៃចំនួន ៤៨នាក់ ដឹកនាំដោយ ឯកឧត្តម សរ សិទ្ធិ បានធ្វើដំណើរទៅប្រទេសកាណាដា ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាកម្រិតពិភពលោក ចាប់ផ្ដើមពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ដើម្បីចូលរួមបង្ហាញពីសាមគ្គីភាព សមត្ថភាព និងទេព្យកោសល្យរបស់កងនគរបាលនៃប្រទេសនីមួយៗ ក្នុងចំណោមប្រទេសជាង ៧០ ដែលតែងតែបញ្ជូនប្រតិភូកីឡាករ-កីឡាការិនីមកចូលរួម។

កីឡាករ-កីឡាការិនីកម្ពុជា ដែលបាននិងកំពុងចូលរួមក្នុងព្រឹត្តិការន៍នេះ មានការប្រកួតលើ ១៣ប្រភេទកីឡា រួមមាន៖ កីឡាវាយសី, កីឡាលើកទំងន់, កីឡាយូដូ, កីឡាជីជិតស៊ូ, កីឡាការ៉ាតេ, កីឡាហែលទឹក, កីឡាវាយកូនឃ្លីលើតុ, កីឡាបាល់ទះក្នុងសាល, កីឡាបាល់ទះឆ្នេរខ្សាច់, កីឡាចំបាប់, កីឡាចំបាច់កាច់ដៃ, កីឡាវាយកូនគោល, កីឡា Bench Press និងកីឡា Push Pull Lifting។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបានរៀបចំប្រភេទកីឡា និងត្រៀមចេញទៅចូលរួមប្រកួតនៅប្រទេសកាណាដា។ សម្ដេចបានចាត់ទុកបេសកកម្មនេះថាជាការរួមចំណែកលើកតម្កើងមោទនភាពជាតិថ្មីមួយបន្ថែមទៀត បន្ទាប់ពីកម្ពុជាសម្រេចបានជោគជ័យលើការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ The 20th World Police and Fire Games 2023 នៅប្រទេសកាណាដា គឺចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដោយមានអត្តពលិកជានគរបាលជាង ៧០ប្រទេសចូលរួម ខណៈកម្ពុជា បានបញ្ជូនក្រុមកីឡានគរបាលជាតិចំនួន ១៣ប្រភេទកីឡាចូលរួម ក្រោមការដឹកនាំរបស់លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ៕