(ក្រចេះ)៖ សាកលវិទ្យាល័យក្រចេះ បានបើកវគ្គបណ្តុះបណ្តាលដល់សិស្សនិសិ្សត ក្រោមប្រធានបទ «ការចូលរួមរបស់យុវជន ក្នុងការអភិវឌ្ឍន៍សហគមន៍» ដោយមានកិច្ចសហការ ជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ការបើកវគ្គដល់ក្រុមសិស្សនិស្សិតនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។

តាមការបញ្ជាក់របស់លោកបណ្ឌិត ងី ឡាយមិថុនា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យក្រចេះថា យុវជនមានតួនាទីសំខាន់ដើម្បីបំពេញកិច្ចការទំាងអស់ លើប្រធានបទខាងលើ ដោយហេតុថា យុវជននឹងក្លាយជាអ្នកដឹកនាំ ជាអ្នកបន្តវេនទទួលរ៉ាប់រងនូវរាល់ការងារដឹកនាំនានា រួមទាំងការដឹកនាំប្រទេសជាតិផងដែរ។

លោកបណ្ឌិតបានបន្តថា សង្គមជាតិពិតជាត្រូវការការចូលរួមគិតគូរអភិវឌ្ឍពីយុវជន ព្រោះយុវជនជាសរសៃឈាម និងជាកោសិការដ៏សំខាន់របស់សង្គម ប្រសិនបើយុវជនគិតពិចារណាមិនបានស៊ីជម្រៅ អត់យល់ពីតម្លៃនៃការចូលរួម នោះនឹងបង្កជាផលប៉ះពាល់ជាអវិជ្ជមានដល់សង្គមជាក់ជាមិនខាន។ ដូច្នេះកម្លាំងនៃការចូលរួមរបស់យុវជន គឺជាល្បឿនជំរុញដ៏សំខាន់សម្រាប់ ឲ្យមានការអភិវឌ្ឍ ប្រកបដោយចីរភាព។

លោកបន្តថា រាជរដ្ឋាភិបាល គឺបានផ្តល់ឱកាសយ៉ាងទូលំទូលាយ និងសិទ្ធិសេរីភាពដល់យុវជនឲ្យបានចូលរួមលើគ្រប់វិស័យ។ ទាំងនេះក៏ជាចរន្តថ្មីមួយ ដែលពិភពលោកកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយធ្វើយ៉ាងណា ដើម្បីស្រូបទាញកម្លាំងនៃការចូលរួមរបស់យុវជន ឲ្យមានកម្រិតខ្ពស់ក្នុងការកសាង និងអភិវឌ្ឍន៍សហគមន៍មូលដ្ឋានរបស់ពួកគេ។

ជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងធ្វើការពង្រឹង និងពង្រីកនូវការយល់ដឹងរបស់យុវជន ស្តីពី សិទ្ធិ និងតួនាទីរបស់ពួកគេក្នុងការកសាងសង្គមជាតិ តាមរយៈកម្មវិធីសិក្សាគ្រប់កម្រិត ដែលជាកត្តាសំខាន់ និងចាំបាច់ណាស់ ជាពិសេសនៅក្នុងសង្គមនាពេលបច្ចុប្បន្ន ។

នៅក្នុងវគ្គបណ្តុះបណ្តាលនោះដែរ ក៏មានបទបង្ហាញទៅលើចំនុចសំខាន់រួមមាន៖ ១. សេរីភាពខាងការបញ្ចេញមតិ, ២. សិទ្ធិទទួលព័ត៌មាន, ៣. បែងចែកក្រុមពិភាក្សា, ៤. បទបង្ហាញអ្នកចូលរួម, ៥. បទបង្ហាញយុវជន និងការចូលរួមនៅក្នុងការអភិវឌ្ឍ នៅថ្នាក់ឃុំសង្កាត់៕