(ភ្នំពេញ)៖ បន្ទាប់ពីសង្គ្រោះនៅបន្ទប់ ICU នៃមន្ទីរពេទ្យកាល់ម៉ែតអស់រយៈពេល ៣ថ្ងៃរួចមក ពេលនេះភរិយាតារាកំប្លែងនាយពាក់មី បានចេញមកសម្រាកនៅគ្រែពេទ្យ សម្រាប់អ្នកជំងឺធម្មតាវិញហើយ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ដោយក្រុមគ្រូពេទ្យបានតាមដានយ៉ាងយកចិត្តទុកដាក់។

តារាកំប្លែងនាយពាក់មី បានថ្លែងប្រាប់យ៉ាងខ្លីឲ្យដឹងថា «ប្រពន្ធរបស់លោកបានចេញពីបន្ទប់សង្គ្រោះបន្ទាន់ ICU ហើយបងប្អូន! បន្ទាប់ពីនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់អស់៣ថ្ងៃ! អរគុណបងប្អូនដែលជូនពរប្រពន្ធខ្ញុំ។ ខ្ញុំកំពុងចាំដំណឹងពីសមត្ថកិច្ច»។

ជាមួយគ្នានេះ ពាក់ព័ន្ធជាមួយនឹងដំណោះស្រាយ រវាងម្ចាស់ហាងកេសម្ផស្ស ជាមួយនឹងរូបលោក គឺមិនទាន់ចេញជាលទ្ធផលនៅឡើយទេ ដោយលោកកំពុងតែរង់ចាំលទ្ធផលពីសមត្ថកិច្ច ដែលកំពុងធ្វើការជាមួយនឹងម្ចាស់ហាងយីហោ «S88 Beauty»។

សូមបញ្ជាក់ថា ភរិយាតារាកំប្លែងនាយពាក់មី បានចូលទៅម៉ាស្សាមុខឲ្យស នៅមជ្ឃមណ្ឌលថែសម្ផស្សមួយនៅម្ដុំផ្សារធំថ្មីមានឈ្មោះថា «S88 Beauty» កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។ ក្រោយពីបន្ដោកសេរ៉ូមសាច់ស្អាតបានប្រហែលជាកន្លះម៉ោង ស្រាប់តែភរិយាលោកមានអាការៈវិលមុខ ថប់ៗដង្ហើម ហើយចាប់ផ្ដើមក្អួតចង្អោរ។ ឃើញសភាពបែបនេះ រូបលោកនាំទៅមន្ទីរពេទ្យឯកជនមួយក្បែរផ្ទះ ប៉ុន្តែពេទ្យឯកជននោះមិនទទួល ព្រោះតែអាការៈធ្ងន់ពេក ទើបរូបលោកសម្រេចបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះបន្ទាន់តែម្ដង៕