(បរទេស)៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣កន្លងទៅនេះ Oppo គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនឈានមុខគេដែលបានដាក់ស្មាតហ្វូនអេក្រង់បត់បានច្រើនជាងគេបំផុត និងបានគ្រប់គ្រងចំណែកទីផ្សារស្មាតហ្វូនចិនរហូតដល់ទៅ ៣១ភាគរយឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។

ដូចដែលបានដឹងរួចមកហើយប្រទេសចិន គឺជាទីផ្សារដែលមានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបំផុតមួយបន្ទាប់ពីប្រទេសលោកខាងលិចដែលបានទៅអភិវឌ្ឍន៍ឧបករណ៍ថ្មីៗនៅទីនោះ។ នឹងជាទីផ្សារដែលមានការប្រកួតប្រជែងខ្លាំងទៅលើស្មាតហ្វូនអេក្រង់បត់ពីក្រុមហ៊ុនធំជាច្រើនដូចជា Oppo, Xiaomi, Honor, Huawei និង Samsung ជាដើម។

យោងតាមរបាយការណ៍ចេញផ្សាយចុងក្រោយនេះ Oppo បានកាន់កាប់ចំណែកទីផ្សារស្មាតហ្វូនអេក្រង់បត់ខ្ទង់ ៣១ភាគរយតែម្នាក់ឯងសម្រាប់រយៈពេល ៣ខែគិតចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២៣។ ដែលលទ្ធផលនេះគឺវ៉ាដាច់ក្រុមហ៊ុនលក់ស្មាតហ្វូនអក្រង់បត់ចិនផ្សេងទៀត នឹងជាលទ្ធផលកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ខណៈដែលត្រីមាសដូចគ្នា ឆ្នាំ២០២២ Oppo លក់បានតែ ១២ភាគរយប៉ុណ្ណោះ។

គួរជម្រាបដែរថា ការរួមចំណែកនៃភាពជោគជ័យរបស់ Apple កាលពីត្រីមាសទី១ កន្លងទៅនេះក៏ដោយសារតែតម្រូវការកើនឡើងខ្ពស់សម្រាប់ម៉ូដែល Oppo Find N2 Flip ដែលលក់បានច្រើនជាងគេដល់ទៅ ១៥ភាគរយឯណោះសម្រាប់តែមួយម៉ូដែល។ ចំណែកម៉ូដែល Flip foldable វិញដំណើរការបានយ៉ាងល្អនៅលើឆាកអន្តរជាតិផងដែរ ព្រោះវាជួយឱ្យ Oppo ទទួលបានចំណែកទីផ្សារ ១៣ភាគរយ នៅទូទាំងពិភពលោកក្នុងអំឡុងពេលដូចគ្នានេះ៕