(អាមេរិក)៖ តារាចម្រៀងរ៉េបអាមេរិកល្បីឈ្មោះ Cardi B ប៉ុន្មានថ្ងៃមុននេះ ត្រូវបានគេថតជាប់ពីសកម្មភាពគប់មីក្រូហ្វូន ទៅកាន់ក្រុមអ្នកគាំទ្រនៅពេលសម្តែងលើឆាក ក្នុងទីក្រុង Las Vegas បន្ទាប់ពីមានមនុស្សជះទឹកទៅលើរូបនាង ខណៈកំពុងសម្តែងលើឆាក។ បន្ទាប់ពីហេតុការណ៍នេះ នាងក៏បានប្រឈមនឹងបណ្តឹងផ្លូវច្បាប់ជុំវិញទង្វើរបស់ខ្លួនផងដែរ តែយ៉ាងណា នាងហាក់រួចផុតពីទោសទន្ទ ក្រោយប៉ូលីសបានទម្លាក់ចោល រាល់បទចោទប្រកាន់ទាំងអស់ ដែលបានប្តឹងតារារូបនេះ ដោយអះអាងថា «ភស្តុតាងមិនគ្រប់គ្រាន់»។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន International The News នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។

នាយកដ្ឋានប៉ូលីសនៃទីក្រុង Las Vegas បានពិនិត្យយ៉ាងម៉ត់ចត់លើករណីនេះ ជាមួយនឹងការពិគ្រោះយោបល់ពីការិយាល័យមេធាវីនៅតំបន់ Clark County ហើយក៏បានសម្រេចចិត្ត ទម្លាក់ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងតារារ៉េបរូបនេះ ដោយសារសំណុំរឿងនេះ មានភស្តុតាងមិនគ្រប់គ្រាន់។ ឧប្បត្តិហេតុនេះបានកើតឡើងនៅថ្ងៃទី២៩ ខែកក្កដា នៅទីក្រុង Las Vegas ខណៈអ្នកទស្សនានៅក្នុងកម្មវិធីផ្ទាល់បានថតវីដេអូ ដែលបង្ហាញពីអ្នកទស្សនាម្នាក់បានគប់ភេសជ្ជៈដាក់ Cardi B ខណៈដែលនាងកំពុងសម្តែងបទ «Bodak Yellow» (បូឌេក យ៉េឡូ) ហើយមិនបង្អង់យូរ Cardi B ក៏បានសងសឹកដោយការគប់មេក្រូរបស់នាង ទៅកាន់អ្នកគាំទ្រនោះភ្លាមៗ។

គួរបញ្ជាក់ថា Cardi B មិនមែនសិល្បករតែម្នាក់នោះទេ ដែលត្រូវអ្នកគាំទ្រវាយប្រហារពេលសម្ដែងលើឆាក ដោយនៅឆ្នាំ២០២៣នេះ មានតារាល្បីៗច្រើនទៀត ដែលត្រូវទស្សនិកជនគប់របស់ផ្សេងៗទៅកាន់ពួកគេ ដូចជាតារាចម្រៀង Pink, Harry Styles និង Drake ជាដើម៕