(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple និងម្ចាស់គេហទំព័រ Wikipedia កំពុងរងការផាកពិន័យក្នុងប្រទេសរុស្ស៊ី ជុំវិញការបង្ហោះ និងរក្សាទុកខ្លឹមសារដែលគេចាត់ទុកថាជា «ព័ត៌មានមិនពិត» អំពីសកម្មភាពយោធារវាងរុស្ស៊ី-អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព៍ត៌មាន AP នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា តុលាការរុស្ស៊ីបានចេញការផាកពិន័យទៅកាន់ក្រុមហ៊ុនរបស់អាមេរិកទាំងពីរនៅសប្តាហ៍នេះ ដោយក្នុងការផាកពិន័យនោះក្រុមហ៊ុន Apple នឹងត្រូវបង់ពិន័យជាប្រាក់ប្រមាណ ៤,៤០០ដុល្លារ ដែលមានជាប់ពាក់ព័ន្ធទៅនឹងពិរុទ្ធពីបទមិនព្រមលុបខ្លឹមសារដែលមាននៅក្នុង Podcasts និង Apps មួយចំនួនរបស់ខ្លួនដែលដំណើរការព័ត៌មានមិនពិតខាងលើ។

ចំណែកឯក្រុមហ៊ុន Wikimedia Foundation 3 វិញរងការផាកពិន័យជាប្រាក់ក្នុងចំនួនដ៏ច្រើនរហូតដល់ ៣៣,០០០ដុល្លារឯណោះ ពីបទរក្សាខ្លឹមសារនៅលើគេហទំព័រ Wikipedia ជាភាសារុស្សី ដែលត្រូវគេចាត់ទុកថា បានបំពានច្បាប់ប្រឆាំងនឹងធ្វើឱ្យខូចកិត្តិយសយោធារបស់រុស្ស៊ី និងការរីករាលដាលនៃសង្រ្គាម។

គួរជម្រាបដែរថា ចាប់តាំងពីសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសរុស្ស៊ីបានអនុម័តវិធានការជាច្រើន ដើម្បីដាក់ទណ្ឌកម្មលើរាល់ការរិះគន់ ឬការសាកសួរអំពីយុទ្ធនាការយោធា។ ខណៈអ្នករិះគន់ខ្លះបានទទួលការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ និង ឥស្សរជនប្រឆាំងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រហូតដល់២៥ឆ្នាំឯណោះ ពីបទក្បត់ជាតិ៕