(ប្រ៉ីសបេន)៖ ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីអាល្លឹម៉ង់ អតីតម្ចាស់ជើងឯក Women’s World Cup ២ជំនាន់ បានហាលអាវត្រឹមវគ្គសន្សំពិន្ទុក្នុងពូលជាលើកដំបូងរបស់ពួកគេ ក្រោយបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ទល់នឹងស្រ្តីកូរ៉េខាងត្បូង។

យ៉ាងនេះក្តី ពួកគេបានដើរតាមគន្លងក្រុមផ្នែកបុរស ដែលបានជ្រុះក្នុងពូលនេះដូចគ្នាកាលពី World Cup 2018 នៅប្រទេសរុស្ស៊ី ក្រោមថ្វីជើងរបស់ក្រុមកូរ៉េនេះផងដែរ។

មុនការប្រកួតបាល់ទាត់ស្រ្តីពិភពលោក លើកទី៩ ឆ្នាំ២០២៣ ស្រ្តីអាល្លឺម៉ង់ជាក្រុមមួយដែលត្រូវបានគេចាប់អារម្មណ៍ ក្នុងនាមជាក្រុមរងជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប Euro 2022 ដែលបានចាញ់ម្ចាស់ផ្ទះអង់គ្លេសក្នុងវគ្គដណ្តើមពាន។

ក្នុងប្រកួតលើកទី៣ ចុងក្រោយប្រចាំពូល H ដែលពួកគេត្រូវការ ៣ពិន្ទុដាច់ខាតនោះ ប៉ុន្តែធ្វើពុំបានសម្រេច នៅពេលបញ្ចប់លទ្ធផលស្មើគ្នា ១-១ ទល់នឹងកូរ៉េខាងត្បូងក្នុងរយៈពេល ៩០នាទីពេញ ធ្វើឲ្យអតីតជើងឯក Women’s World Cup នៅឆ្នាំ២០០៣ និងឆ្នាំ២០០៧ និងក្រុមឈរនៅចំណាត់ថ្នាក់លេខ២ ពិភពលោកមួយនេះមិនអាចឈានទៅវគ្គ ១៦ក្រុមបាន ដ្បិតមានត្រឹម ៤ពិន្ទុក្នុងដៃ គ្រាដែលម៉ារ៉ុកមាន ៦ពិន្ទុ ក្រោយឈ្នះក្រុមកំពូលតារាងកូឡុំប៊ី ១ទល់នឹង០។

ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ កីឡាការិនី Cho So-hyun រកបានគ្រាប់បំប៉ោងសំណាញ់ទីឲ្យកូរ៉េដ៏លឿនបំផុត ត្រឹមចាប់ផ្តើមលេងបាន ៦នាទីប៉ុណ្ណោះ ធ្វើឲ្យស្រ្តីអាល្លឺម៉ង់ភ្ញាក់ផ្អើលជាខ្លាំងក្នុងទីក្រុង Brisbane នៅមុនពេលប្រធានក្រុម Alexandra Popp រកគ្រាប់តាមស្មើ ដែលជាគ្រាប់ទី៤ របស់នាង ក្នុងចំណោម ៣ប្រកួត មុនបញ្ចប់វគ្គទី១ ជាមួយនឹងឱកាសជាបន្តបន្ទាប់ធ្វើមិនបានសម្រេច សម្រាប់រយៈពេល ៤៥នាទីដែលនៅសល់ផងដែរ៕