(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្ដរជាតិចំនួន ២លើក លើទឹកដីរបស់ខ្លួន នាខែកញ្ញាខាងមុខ ដោយត្រូវជួបក្រុមហុងកុង និងម៉ាកាវ។ នេះបើយោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នេះ។

ប្រភពខាងលើបានបញ្ជាក់ថា ប្រកួតមិត្តភាពទី១ របស់ក្រុមគោព្រៃកម្ពុជា ត្រូវជួបហុងកុង នាថ្ងៃទី០៧ ខែកញ្ញា និងប្រកួតទី២ ត្រូវជួបម៉ាកាវ នាថ្ងៃទី១១ ខែកញ្ញា។ ការប្រកួតនេះនឹងធ្វើឡើងនាម៉ោង ៧យប់ដូចគ្នា នៅពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក) តែមួយគត់។

គួរដឹងថា មុនឈានដល់ការប្រកួតមិត្តភាពអន្ដរជាតិខាងលើ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ត្រូវដឹកនាំក្រុមជម្រើសជាតិ U23 កម្ពុជា ទៅប្រកួតជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ២៣ឆ្នាំ ឆ្នាំ២០២៣ នៅប្រទេសថៃ ដែលនឹងត្រូវធ្វើការប្រកួតពីថ្ងៃទី១៧-២៧ ខែសីហាខាងមុខ។

បេសកកម្មនេះ ក្រុមគោព្រៃជំទង់កម្ពុជា គឺស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះថៃ ប្រ៊ុយណេ និងមីយ៉ាន់ម៉ា ខណៈពូល B មានក្រុម U23 ទីម័រខាងកើត ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី និងពូល C មានវៀតណាម ហ្វីលីពីន និងឡាវ។ ដូច្នេះក្រោយភារកិច្ចក្នុងការប្រកួតពានរង្វាន់ប្រចាំតំបន់នេះ គេរំពឹងថា លោក Felix នឹងបន្ដប្រើប្រាស់កីឡាករ U23 មួយចំនួនសម្រាប់ស្វាគមន៍ក្រុមភ្ញៀវហុងកុង និងម៉ាកាវ បន្ទាប់ពីការប្រកួតមិត្តភាពចុងក្រោយ កម្ពុជាចាញ់បង់ក្លាដេស ១-០ កាលពីខែមិថុនាកន្លងទៅ៕