(ឡុងដ៏)៖ ក្លិបតោខៀវ Chelsea FC បានសម្រេចយល់ព្រមលើលក្ខខណ្ឌជាមួយការនាំយកអ្នកចាំទី Robert Sanchez ពីក្លិបរួមលីគ Brighton & Hove Albion ស្ថិតក្នុងតម្លៃប្រមាណ ២៥លានផោន នឹងមានកម្មវិធីបូកបន្ថែមទៀត។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។

សម្រាប់ក្លិបតោខៀវ Chelsea បច្ចុប្បន្ននេះក៏ជាការយកបានសមាជិកអ្នកចាំទីថ្មី របស់ក្លិបដែលកំពុងស្ថិតក្រោមការដឹកនាំដោយលោក Mauricio Pochentino បន្ទាប់ពីអ្នកចាំទី Edouard Mendy បានផ្ទេរកាន់ក្លិប Al-Ahli នៃលីគ Saudi Pro League។

បញ្ជាក់ផងថា អ្នកចាំទីអេស្ប៉ាញ Sanchez មានវ័យ ២៥ឆ្នាំ នឹងត្រូវប្រជែងយកតំណែងអ្នកចាំទីដៃទី១ ជាមួយអ្នកចាំទីរួមសញ្ជាតិ Kepa Arrizabalaga នៅជម្រើស ១១នាក់ដំបូង សម្រាប់បញ្ជីរបស់លោកគ្រូបង្វឹកថ្មីនេះ នៃការប្រែងរដូវកាលថ្មីរបស់ពួកគេ។

រំលឹកផងថា Robert Sanchez បានលេងជាមួយក្លិប Brighton & Hove Albion ចំនួន ៥រដូវកាល ហើយបង្ហាញខ្លួនបាន ៩០ប្រកួត នឹងជាកីឡាករម្នាក់បានចាប់ផ្តើមអាជីពនៅទីនេះ តាំងពីអាយុ ១៥ឆ្នាំផងដែរ ដ្បិតកិច្ចសន្យាចាស់របស់គេជាមួយក្លិប Brighton មានរហូតដល់ឆ្នាំ២០២៥ ៕